ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថ យ៉ាងធ្ងន់ធ្ងរលើ ព្រះចេស្តាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីសក្ការៈគោរពដ៏ខ្ពង់ខ្ពស់ របស់ប្រជានុរាស្ត្រខ្មែរ ទូទាំងប្រទេស។ ក្រៅពីការថ្កោលទោស សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ក៏បានអំពាវនាវឱ្យ អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ទៅលើជនក្បត់ជាតិរូបនេះ និងបក្ខពួកដែលបានចូលរួមចំណែក គាំទ្រចំពោះការប្រមាថ អង្គព្រះមហាក្សត្រ ដោយមិនអាចលើកលែងបានឡើយ។

យោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ ខែតុលា នេះ បានឲ្យដឹងថាៈ “ តាមការមើល ឃើញ ខ្ញុំបាទឈ្មោះ ឡាន់ ស្វាង ជំទប់ទី២ គណបក្សភ្លើងទៀន ឃុំទ្រាស ព្រមទាំងសមាជិក គណបក្សភ្លើងទៀនទាំងអស់ ក្នុងឃុំទ្រាស ក្នុងឃ្លីបវីដេអូ នាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រ ខ្មែរថា “ស្ដេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្ដិចក៏អត់ដែរ” និងចោទទៀតថា ” …ស្ដេចសព្វថ្ងៃក្បត់ជាតិ… ។ល។”

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបន្តថាៈ “តាងនាមក្រុមតំណាងសមាជិកគណបក្ស ភ្លើងទៀនឃុំទ្រាស ព្រមទាំង ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សូមថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែន ម្តងហើយ ម្តងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង”។

ជាមួយគ្នានេះ សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក បានអំពាវនាវ ដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការ ឱ្យម៉ឺងម៉ាត់បំផុត ចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ប្ដេជ្ញាបន្តដង្ហែព្រះមហាក្សត្រ ដោយឥតងាករេ និងប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេស ការពារអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពាន បានជាដាច់ខាត និងបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះការកំចាត់ចោលមនោគមវិជ្ជា ជ្រុលនិយម របស់ជនក្បត់ជាតិ បីជំនាន់ ឱ្យអស់ពីកម្ពុជា៕/V-PC