ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកចាត់ការទូទៅ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំកម្ពុជា លោក Keisuke Honda បានបង្ហាញនូវផែនការ ចំនួន២ សម្រាប់ត្រៀម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងជំនួបជាមួយ អ្នកសារព័ត៌មាន កាលពីរសៀល ថ្ងៃទី២៦ តុលា ម្សិលមិញនេះ។

ក្នុងជំនួបដ៏មានសារសំខាន់ ដែលមានការសន្ទនា ជជែកពិភាក្សាគ្នា ហើយក៏មានការចោទសួរ ដោយផ្ទាល់ជាមួយ អ្នកចាត់ការទូទៅ លោក Keisuke Honda ជាពិសេសទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ ដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបាននិយាយថាៈ ការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាម ដើម្បីទទួលបានលទ្ធផលល្អ តែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួត ប្រជែងនេះ វាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម នោះទេ។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយ ទើបបានជាយើង ព្យាយាមបង្កើនភាគរយ ទោះបីជា ១ ភាគរយ ក៏យើងត្រូវតែប្រឹង។

អ្នកចាត់ការទូទៅ សញ្ជាតិជប៉ុន រូបនេះ បានលើកឡើង ពីផែនការទាំង ២ ថាៈ យើងមានផែនការ ២ ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។ ១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ ក្នុង និងក្រៅប្រទេស មុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេល ដើម្បីអភិវឌ្ឍន៍ជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិក និងកាយសម្បទា។ ទី២.គឺការប្រើប្រាស់កីឡាករ លើសអាយុ ពិតណាស់ប្រទេសដទៃ ប្រើប្រាស់បែបនេះដែរ។ ហេតុនេះ យើងនឹងជ្រើសរើសកីឡាករ ពិសេសៗ ដែលលើសអាយុ ទាំងនេះ គឺជាអ្វីដែលយើងកំពុងធ្វើ។

ប្រភេទកីឡា ដ៏មានប្រជាប្រិយភាព គឺបាល់ទាត់បុរស កំណត់លក្ខខណ្ឌអាយុ នៃការចូលរួម ប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ គឺនៅអាយុក្រោម២២ឆ្នាំ៕/V-PC