ប្រធាន គ​.​ជ​.​ប អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ឲ្យ​គោរព​ច្បាប់​, អាជ្ញាធរ​កុំ​លម្អៀង​រឿង​ឃោសនាបោះឆ្នោត​

1044
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​អនុវត្តតាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​ចែង​ក្នុង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ត្រូវ​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណបក្សនយោបាយ​នីមួយៗ អាចអនុវត្ត​កម្មវិធី និង​ការហែក្បួន​ឃោសនាបោះឆ្នោត​របស់ខ្លួន​ប្រព្រឹត្តទៅ ដោយ​ស្មើភាព​គ្នា​។​

​ការអំពាវនាវ​របស់​ប្រធាន​គ​.​ជ​.​ប បាន​ធ្វើឡើង​បន្ទាប់ពី​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការឃោសនាបោះឆ្នោត គឺមាន​រយៈពេល ២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​អនុវត្តតាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​ចែង​ក្នុង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គោរព​តាម​បទបញ្ជា និង នីតិវិធី ក្រមសីលធម៌ និង​គោលការណ៍​នានា​ដែល​បានកំណត់​ដោយ គ​.​ជ​.​ប ដើម្បី​ធានាថា​ការឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ប្រព្រឹត្ត​ទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព​។ ហើយ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់ខ្លួន និង​ត្រូវ​សម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណបក្សនយោបាយ​នីមួយៗ អាចអនុវត្ត​កម្មវិធី និង​ការហែក្បួន​ឃោសនាបោះឆ្នោត​របស់ខ្លួន​ប្រព្រឹត្តទៅ ដោយ​ស្មើភាព​គ្នា​។​

​គ​.​ជ​.​ប សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​គណបក្សនយោបាយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹងចូលរួម​សហកា​រ​តាម​ការអំពាវនាវ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​ច្បាប់​ជា​ធរមាន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការឃោសនាបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន ធានាបាន​នូវ​សិទ្ធិ​គណបក្សនយោបាយ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០៧ ខែកក្កដា រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ គឺមាន​រយៈពេល​២១​ថ្ងៃ​។ ចំណែក​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ