​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​អឺរ៉ុប​ទី​២​និង​ទី​៣​វគ្គ​ជម្រុះ​តាម​ពូ​ល​ជុំ​ទី​៥ ចំនួន ៣២ គូ ដែល​គូ​រំពឹង​ឈ្នះ​ខ្ពស់​ជាងគេ Arsenal និង Manchester Utd នៅក្នុង​ក្របខណ្ឌ UEL​។​

​ការព្យាករណ៍ ៖

– PSV vs Arsenal

* PSV ត្រូវការ​ឈ្នះ​ដើម្បី​ទទួល​បាន​កន្លែង​មួយ​ក្នុង​វគ្គ​បន្ទាប់​។​
* មួយ​ពិន្ទុ​នៅ​ទឹកដី Eindhoven នឹង​ធានា​ថា Arsenal ជា​ជ័យលាភី​ក្នុង​ពូ​ល និង​ចៀសផុត​ពី​ការប្រកួត​វគ្គ​ជម្រុះ​នៅ​ឆ្នាំក្រោយ​។​
* Arsenal បានឈ្នះ​៦​លើក​ក្នុងចំណោម​ការប្រកួត​ក្រៅ​ដី​ចំនួន​៨​លើ​ក​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ ដោយ​របូត​គ្រាប់​បាល់​នៅ​អត្រា ០,៦៣ គ្រាប់​ក្នុង​មួយ​ប្រកួត​។​
* Arsenal រកបាន ២,៣ គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង​ការប្រកួត​ក្រៅ​ដី Europa League ក្រោម​ការដឹកនាំ​របស់​លោក Mikel Arteta ។​

Arsenal អាច​យកឈ្នះ​លើ​ក្រុម PSV ដែល​លេង​គ្មាន​សណ្តាប់ធ្នាប់​និង​មិន​ស៊ីចង្វាក់​គ្នា​ក្នុង​ការប្រកួត Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​កីឡដ្ឋាន Philips Stadion ដើម្បី​ធានា​ថា​ពួកគេ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​កំពូល​នៃ​ពូ​ល A​។ ក្រុម​កាំភ្លើង​ធំ​អាច​ឈាន​ចូល​ប្រកួត​នេះ​ខ្លាំង​ជាង​ធម្មតា​នៅ​ទីនេះ ដើម្បី​បង្ហើយ​ការងារ​ឱ្យ​រួចរាល់ ត្បិត​នៅសល់​១​ប្រកួត​ចុងក្រោយ​។ នេះ​ជា​ឱកាស​ដើម្បី​រក្សា​សន្ទុះ​វិជ្ជមាន​របស់​ពួកគេ​ផង​ដែរ​។​

PSV ចាំបាច់​ត្រូវ​ស្តារ​ពី​បរាជ័យ​ជា​បន្តបន្ទាប់​ក្រោម​ថ្វីដៃ Arsenal និង Groningen ដែល​បាន​លាតត្រដាង​ឱ្យឃើញ​ពី​គុណវិបត្តិ​របស់​ពួកគេ​។ ក្រុម​របស់​លោក Ruud van Nistelrooy មិនមែន​ជា​ក្រុម​រឹងមាំ​នៅ​តំបន់​ការពារ​ទេ ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​មិនមែន​ជា​ក្រុម​យល់ចិត្ត​គ្នា​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​។​

​ក្រុម​របស់​លោក Mikel Arteta មិន​បាន​បំបាក់​យ៉ាង​ចាស់ដៃ​លើ​ក្លិប​ហូឡង់​ក្នុង​ទីក្រុង​ឡុងដ៍​កាលពី​សប្តាហ៍​មុន​ទេ ដូច​ដែល​តារាង​ពិន្ទុ​បង្ហាញ ១-០ ប៉ុន្តែ​ពួកគេ​បាន​ស៊ុត ២៥ ជើង​ធៀប​នឹង ៤ ជើង​របស់ PSV ហើយ​បាន​ស៊ុត​ចំ​គោលដៅ ៨ ជើង​។ ការត្រួតត្រា​របស់​ពួក​គេ​លើ​ទីលាន​គឺ​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា​ការ​ឈ្នះ​មួយ​ផ្សេង​ទៀត​អាច​សម្រេចបាន​នៅក្នុង​ប្រទេស​ហូ​ឡង់ បើទោះបីជា PSV លេង​ល្អ​ក្នុង​ទឹកដី​ក៏ដោយ​។​

Arsenal ក៏​លេង​ល្អ​នៅ​ក្រៅ​ទឹក​ដី​ដូច​ដែល​ពួក​គេ​លេង​នៅ​កីឡដ្ឋាន Emirates ដែរ ដោយ​ឈ្នះ​៦​ដង​ក្នុង​ចំណោម​ការប្រកួត​ក្រៅ​ដី​ចំនួន​៨​លើ​ក​របស់​ពួកគេ និង​ចាញ់​តែ​ម្តង​គត់​នៅ​ពេល​ពួកគេ​ចាញ់ Manchester United ។ ខ្សែការពារ​របស់លោក Arteta បាន​របូត ៥ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ក្រៅ​ដី​ទាំង ៨ ប្រកួត ហើយ​គេ​អាច​ជឿជាក់​បាន​ថា​ពួកគេ​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ជ័យជម្នះ​នៅទីនេះ​។​

​លទ្ធផល​ទស្សនទាយ Arsenal ឈ្នះ ៣-១​។​

– Manchester United vs Sheriff Tiraspol

* Manchester United បានឈ្នះ​ការប្រកួត​ចំនួន ៩ លើក​ក្នុងចំណោម ១៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​ក្នុង​ការប្រកួត​ទាំងអស់ ហើយ​ឈ្នះ ៣ លើក​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ UEFA Europa League ។​
* ៣​ប្រកួត​ក្នុងចំណោម​ការប្រកួត Europa League ទាំង​៤​របស់ Man Utd ក្នុង​រដូវ​កាល​នេះ​មាន​គ្រាប់​ក្រោម ២,៥ ។​
* បិសាច​ក្រហម​របូត​ត្រឹមតែ​មួយ​គ្រាប់​គត់​ក្នុង​ការប្រកួត​៤​លើកចុងក្រោយ​។​
* ការប្រកួត​អឺរ៉ុប​ទាំង ១២ លើ​ក​របស់ Sheriff Tiraspol នៅ​រដូវ​កាល​នេះ មាន​គ្រាប់​បាល់​តិចជាង ៣,៥ ។​

​ដោយ​បាន​ធានា​១​ពិន្ទុ​ដ៏​សំខាន់​នៃ​ក្រប​ខណ្ឌ Premier League ទល់​នឹង​គូប្រជែង​កំពូល​ទាំង​បួន Chelsea កាលពី​សប្តាហ៍​មុន ក្រុម Manchester United ឥឡូវ​បង្វែរ​ការចាប់អារម្មណ៍​របស់​ពួកគេ​ទៅកាន់ UEFA Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សម្លឹង​បង្ហើយ​ការងារ​ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង ២​។ ដោយ​មើលឃើញ​ពី​លក្ខណៈ​កកស្ទះ​នៃ​កាលវិភាគ​មុន​ការប្រកួត World Cup លោក Erik ten Hag ច្បាស់​ជា​នឹង​បង្ហើយ​ការងារ​ឱ្យ​រួចរាល់​ទល់នឹង Sheriff Tiraspol នៅក្នុង​ទឹកដី​ខ្លួនឯង​។​

​ខណៈ​សំណួរ​នៅតែ​មាន​ថា​តើ​លោក Ten Hag បាន​អនុវត្ត​ទស្សនវិជ្ជា​ផ្ទាល់ខ្លួន​របស់​គាត់​រួច​ហើយ​ឬ​យ៉ាងណា​នោះ United បានឈ្នះ​ការប្រកួត​ចំនួន ៩ ក្នុងចំណោម ១៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​ក្នុង​ការប្រកួត​ទាំងអស់ រួម​ទាំង​ការ​ឈ្នះ​៣​លើកចុងក្រោយ​ជាមួយនឹង​តំបន់​ការពារ​ដ៏​រឹងមាំ​។ United បាន​រក្សា Clean Sheet ចំនួន ៣ ដង​ក្នុង​ការប្រកួត​ចំនួន ៤ ចុងក្រោយ​របស់​ពួកគេ​ក្នុង​ការប្រកួត​ទាំងអស់ ដោយ​មិន​របូត​គ្រាប់​បាល់​សូម្បីតែ​មួយ​គ្រាប់​ពី​ការលេង​បែប​សម្រុក ហើយ​ត្រូវ​គេ​មើលឃើញ​ថា​មាន​គ្រាប់​បាល់​តិចជាង ២,៥ គ្រាប់​ក្នុង​ការប្រកួត​ទាំង​៤​នៃ​ការប្រកួត Europa League របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​

Sheriff មិនមែន​ជា​ដៃគូ​របស់ United ទេ​ក្នុងការ​ចាញ់​ក្នុង​ផ្ទះ​ខ្លួនឯង ២-០ កាលពី​ខែ​មុន ហើយ​ចាប់តាំងពី​ពេលនោះ​មក​បាន​រង​បរាជ័យ​នៅ​អឺរ៉ុប​២​លើ​ក​ជាប់ៗ​គ្នា​ទល់​នឹង​ក្រុម Real Sociedad ។ ម្ចាស់​ជើងឯក​ម៉ុល​ដាវី​មួយ​នេះ​បាន​ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ចំនួន ៥ លើក​ក្នុងចំណោម​ការប្រកួត​អឺរ៉ុប​ចំនួន ៦ លើក​ចុងក្រោយ​របស់​ពួកគេ និង​បាន​ឃើញ​គ្រាប់​បាល់​តិចជាង ៣,៥ គ្រាប់​ក្នុង ១៧ ប្រកួត​នៃ​ការប្រកួត​១៨​លើក​ចុងក្រោយ​របស់​ពួកគេ​។ លើសពីនេះទៅទៀត Sheriff ត្រូវបាន​អង្រួន​ដោយ​ការលាលែង​ពី​តំណែង​របស់​គ្រូបង្វឹក Stjepan Tomas ក្នុង​សប្តាហ៍​នេះ ហើយ​មើលទៅ​ហាក់ដូចជា​មិន​អាច​ទប់ទល់​នឹង Man U បានទេ​។​

​លទ្ធផល​ព្យាករណ៍ Man U ឈ្នះ ៤-០៕

Man U រំពឹង​បង្ហើយ​ការងារ​ឱ្យ​រួចរាល់​ពេល​ទទួល Sheriff​