ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើរ និងអរគុណថ្នាក់ដឹកនាំរបស់គណបក្សភ្លើង ទៀនដែលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រតាមការស្នើសុំរបស់សម្ដេច ។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ ខែតុលានេះបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើសុំរបស់ខ្ញុំកាលពីម្សិលមិញថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ ឆ្នាំង»។

គួររំលឹកកាលពីថ្ងៃទី ២៦ ខែ តុលា នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយត្រង់ៗជូនចំពោះលោក ទាវ វណ្ណុល លោក ថាច់ សេដ្ឋា និងលោក សុន ឆៃ ដែលជាមេ ដឹកនាំគណបក្សភ្លើងទៀនសុំចេញមកបញ្ជាក់អះអាងថាតើការនិយាយរបស់សមរង្ស៊ី ត្រឹមត្រូវឬមិនត្រឹមត្រូវ? យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀនឲ្យបានច្បាស់ថាតើការ ប្រមាថព្រះមហាក្សត្រនិងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច ដូចជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ ? សង្ឃឹមថាមេដឹកនាំនៃគណបក្សភ្លើងទៀនដែលមាន លោក ទាវ វណ្ណុល, លោក ថាច់ សេដ្ឋា និង លោក សុន ឆៃ នឹងធ្វើការបញ្ជាក់ជនរួមជាតិឲ្យបានដឹងហើយសមាជិកសមាជិកា នៃគណបក្សភ្លើងទៀនទាំងឡាយសុំ ចាំពិនិត្យមើលតើ មេដឹកនាំគណបក្ស …ចេញមកអះអាងអំពីបញ្ហាទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រនេះឬទេ?

សម្តេចបានបញ្ជាក់ថារឿងនេះមិនមែនជារឿងតូចតាច ហើយក៏មិនមែនជារឿងលេងសើចនោះទេ ។ សមាជិកសមាជិកានៃគណបក្សភ្លើងទៀនគួរតែត្រូវផ្តាច់ខ្លួនឲ្យបានស្រូត បំផុតតាមដែលអាចធ្វើទៅបានដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ។ នេះជាមុខសញ្ញាជាគោលដៅដែលម្ខាងគឺគេផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែវាទៅជាមួយគ្នាគឺការផ្តួ​រំលំ របបរាជានិយមអាស្រ័យធម្មនុញ្ញ។

សូមជម្រាបថាគណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គលទាំង​ឡាយ​ណាដែលមានចេតនាប្រមាថឬរំលោភបំពានដល់អង្គព្រះមហាក្សត្រហើយក៏បាន បញ្ជាក់ថាគណបក្សរបស់ខ្លួនមិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះដែរ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី ២៧ ខែតុលានេះគណបក្សភ្លើងទៀនបានបញ្ជាក់នូវជំហររបស់ខ្លួនថាគណបក្សភ្លើងទៀនគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គ ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍នេះគណបក្សភ្លើងទៀនបានថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថឬរំលោភបំពានដល់អង្គព្រះមហា ក្សត្រនិងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀនក៏បានបញ្ជាក់ដែរថា គណបក្សខ្លួន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ រដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពី គណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សប្រឆាំងមួយនេះក៏បានបញ្ជាក់ដែរថា ខ្លួនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។គណបក្សក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោកសមរង្ស៊ីដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ៕