ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោស អ្នកទាំងឡាយណា ដែលមានចេតនាប្រមាថ ព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្តេច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ នៅខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ នៅក្នុងហ្វេសប៊ុកយ៉ាងដូច្នះថាៈ “ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថ ព្រះមហាក្សត្រ តាមការស្នើសុំ របស់ខ្ញុំ កាលពីម្សិលមិញ ថ្ងៃ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង”។

ការថ្លែងអរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អ្នកទាំងឡាយណា ដែលមានចេតនាប្រមាថ ឬ រំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សភ្លើងទៀន ក៏បានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជ តួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោស របស់គណបក្សភ្លើងទៀន ក៏បានប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាង គណបក្សភ្លើងទៀន និងជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី៕/V-PC