ដោយៈ ប.ខុន / ភ្នំពេញៈ នៅថ្ងៃនេះ និងយប់នេះ មានភ្លៀងបន្តធ្លាក់រាយប៉ាយ ថែមច្រើន មកទៀត  បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់កម្រិតជាង ១០០ មីលីម៉ែត្រ នៅលើខេត្តមួយចំនួន ដោយ សារសម្ពាធទាប រុញមកពីសមុទ្រចិន ខាងត្បូង ។ ឯព្យុះទី២២ ដែលកំពុងមាន សកម្មភាព នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេសហ្វីលីពីន ដែលមានកម្លាំងស្រូបខ្លាំង នឹងធ្វើឱ្យស្ថានភាពភ្លៀង នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមចុះខ្សោយទៅវិញ ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ដើមខែវិច្ឆិកា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ថាៈ នៅថ្ងៃនេះ (២៧- ២៨ តុលា) និងយប់នេះ នៅមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីតិច ទៅបង្គួរ ថែមមកទៀត បន្ទាប់ពី មានភ្លៀងធ្លាក់រាយប៉ាយ លើខេត្តជាច្រើន មានបរិមាណ រហូតដល់ជាង ១០០ មីលីម៉ែត្រ នាំឱ្យមានជំនន់ទឹកភ្លៀង កើតឡើង ដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីសមុទ្រចិន ខាងត្បូង ជាបន្តបន្ទាប់។ តែបន្ទាប់ពីព្យុះទី២២ ណាល់ហ្គេ NALGAE នៅខាងកើត ប្រទេសហ្វីលីពីន បង្កើនឥទ្ធិពលកាន់តែខ្លាំងនោះ ស្ថានភាពភ្លៀង នៅក្នុងប្រទេសកម្ពុជា នឹងចុះខ្សោយទៅវិញហើយ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីយប់មិញ មានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន នៅលើខេត្តមណ្ឌលគិរី រតនគិរី ព្រៃវែង ត្បូងឃ្មុំ កណ្តាល ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង កំពង់ស្ពឺ រាជធានីភ្នំពេញ ដោយនៅតំបន់ខ្លះ មានកម្រិតដល់ជាង ១០០ មីលីម៉ែត្រ។ នៅថ្ងៃនេះ (២៧ តុលា) នឹងមានភ្លៀងធ្លាក់ថែមច្រើនមកទៀត នៅលើខេត្តជាច្រើន តាមព្រំដែនកម្ពុជា វៀតណាម និងនៅភ្នំពេញ ក៏មានភ្លៀងដែរ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ​ វិសម្ពាធនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេស ហ្វីលីពីន បានវិវត្តទៅជាព្យុះទី២២ ឈ្មោះ ណាល់ហ្គេ ( NALGAE ) ដោយមានដំណើរ កាត់លើភាគខាងជើង ប្រទេសហ្វីលីពីន ឡើងទៅរកកោះតៃវ៉ាន់ មុនងាកទៅរកប្រទេស ជប៉ុន។ ព្យុះនេះ មានកម្លាំងខ្លាំង តែគ្មានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជាទេ ហើយស្ថានភាព ភ្លៀង នៅក្នុងប្រទេសកម្ពុជា វានឹងចាប់ផ្តើមចុះខ្សោយមួយរយៈពេល ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ដើមខែវិច្ឆិកា តែវាមិនទាន់អស់ភ្លៀងទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែតុលា បានជូនដំណឹងស្តីពី ការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ
ទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹង ចុះមកក្រោម លើប្រទេស កម្ពុជា ប្រសព្វជាមួយនឹងសម្ពាធទាប រុញពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះ ខ្យល់បានប្តូរ ទិសជាបណ្តើរៗ តែបណ្តាខេត្ត និងរាជធានី នៅផ្នែកខាងក្រោម អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយ ឡំទៅដោយផ្គរ រន្ទះ ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបធ្វើឱ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១ អអ្សាសេ ។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅផ្នែកខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះ ផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អអ្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ និងអាចមានភ្លៀងធ្លាក់​ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕ V / N