ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ២៧ តុលា នេះ ប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរ ជួយដោះស្រាយ ជាសំណើ សំណូមពរ មួយចំនួន មានទាំងការស្នើសុំឱ្យជួយអន្តរាគមន៍ ធ្វើយ៉ាងណា សម្របសម្រួល លើនីតិវិធី នៃការធ្វើប្លង់កម្មសិទ្ធិដីធ្លី ឱ្យនៅចំនួនតិច ការសុំធ្វើផ្លូវ លូ ដោះស្រាយបញ្ហាលិចលង់ បញ្ហាចោរលួច ចោរប្លន់ និងបញ្ហាគ្រឿងញៀន ជាដើម។

វេទិកានេះធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការស្នើសុំឱ្យអាជ្ញាធររាជធានី ជួយអន្តរាគមន៍ លើនីតិវិធីនៃការធ្វើប្លង់កម្មសិទ្ធិ ដីធ្លី ឱ្យនៅចំនួនតិច មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថាៈ នៅក្នុងរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរនេះ បានចែកជា ៨ ក្រុម ដើម្បីបំពេញការងារ លើការផ្តល់ប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋនេះ ហើយនីតិវិធីទាំងអស់ គឺធ្វើដូចគ្នា មិននៅក្រៅច្បាប់នោះទេ ហើយចំពោះ ប្រជាពលរដ្ឋ ដែលបានលើកឡើងថា ការបំពេញឯកសារ មានភាពសាំញាំ នោះ គឺដោយសារប្រជាពលរដ្ឋ មិនមានឯកសារគ្រប់គ្រាន់ ដូចជា អ្នកខ្លះ ឈ្មោះក្នុង សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតខុសគ្នា ដែលតម្រូវឱ្យពួកគាត់ កែតម្រូវជាដើម។

ចំពោះការសុំធ្វើផ្លូវ ប្រព័ន្ធលូ ការស្នើសុំដោះស្រាយ បញ្ហាលិចលង់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថាៈ បញ្ហានេះ អាជ្ញាធរខណ្ឌ និងអាជ្ញាធរ រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ តែយើងមិនអាចដោះស្រាយបានភ្លាមៗ និងបាន ១០០% នោះទេ។

ចំពោះការដោះស្រាយ បញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង គឺវាតែងតែកើតឡើង ដោយសារថា តំបន់មួយចំនួន នៅក្នុងខណ្ឌច្បារអំពៅនេះ ត្រូវបានអភិវឌ្ឍ ដោយការចាក់ដីបំពេញ និងបានយកនេវ៉ូផ្លូវជាតិលេខ១ និងផ្លូវថៃហ្គើ (ផ្លូវលេខ១១៤) ជាគោល ដែលមានកំពស់ខ្ពស់ ជាងភូមិដ្ឋានរបស់ពួកគាត់ ប្រមាណ ២ ម៉ែត្រ ទើបធ្វើឱ្យ លំនៅដ្ឋានរបស់ពួកគាត់ លិចលង់។ ប៉ុន្តែករណីនេះ អាជ្ញាធរខណ្ឌ រាជធានីភ្នំពេញ ក្រោយការណែនាំផ្ទាល់ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនបានព្រងើយ កន្តើយឡើយ ពោលគឺ បានដោះស្រាយភ្លាមៗ ជូនប្រជាពលរដ្ឋ ដោយពេលនេះ គ្រឿងចក្រ បាននិងកំពុងធ្វើសកម្មភាពកាយនៅឡើយ ហើយរថយន្តបូមទឹក ក៏បានធ្វើ សកម្មភាពបូម ផងដែរ។

ពាក់ព័ន្ធបញ្ហាចោរលួច ចោរប្លន់ និងបញ្ហាគ្រឿងញៀនវិញ លោកអធិការខណ្ឌច្បារអំពៅ ក៏បានធ្វើការបកស្រាយផងដែរ ដោយករណីបែបនេះ កងកម្លាំង នឹងពង្រឹកកិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ជាមួយនឹងការសន្យា លុបបំបាត់គ្រឿងញៀន ឱ្យអស់ពីមូលដ្ឋាន។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការដោះស្រាយជូន។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើង ក្នុង ១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះ ត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នា បែបនេះទេ ។ តែពេលនេះ យើងបានជួបជុំគ្នា ជាធម្មតាឡើងវិញ។ ការជួបជុំគ្នាបែបនេះឡើងវិញ វាមិនមែនកើតឡើង ដោយឯកឯងនោះទេ តែវាបានមកពី ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីក ជូនប្រជាពលរដ្ឋ រហូតបើកដំណើរការសេដ្ឋកិច្ចប្រទេស ជាធម្មតាឡើងវិញ៕ V / N