ដោយៈ​សុផល​/​ភ្នំពេញ​៖ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ផលិត​ឱសថ​បារាំង Bailly Creat នឹង​បរិច្ចាគ​ឱសថ​មួយចំនួន​ជូន​កាកបាទក្រហមកម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្នុង​គោលបំណង​ចូលរួមចំណែក​ដល់​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ កម្ពុជា​ដើម្បី​បំពេញតម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​។​

Bailly Creat ដែល​បាន​ចែកចាយ​ផលិតផល​របស់ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជិត ៤​ទស្សវត្សរ៍​មកហើយ​កំពុងតែ​ពង្រីក​ចំណែក​ទីផ្សារ​របស់ខ្លួន​ជាមួយនិង​ការដាក់​បង្ហាញ​ឱសថ​របស់ខ្លួន​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំនេះ​។​កាលពី​ថ្ងៃ​ពុធ ទី ២៦ ខែតុលា ក្រុមហ៊ុន​ប្រកាស​ពី​ការដាក់​បញ្ចេញ​ថ្នាំ​ប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈ​ដៃគូ​តំណាង​ចែកចាយ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Zuellig Pharma​ដែលជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំ​ណោ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ។​

​លោក ផា​ទ្រី​ក ឆ​យ (Patrick Choay) អគ្គនាយក​ប្រតិបត្តិ​នៃ PCSA Group ដែល​កាន់កាប់​ក្រុមហ៊ុន​ឱសថ​Bailly Creat តាំងពី​ឆ្នាំ ១៩៩៦​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្ពោធ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន និង​ចាប់ផ្ដើម​អនុវត្ត​លើ​គំនិត​ផ្ដួចផ្ដើម​បរិច្ចាគ​ឱសថ​របស់ខ្លួន​ផងដែរ​។​ក្រុមហ៊ុន​នឹង​បរិច្ចាគ​ថ្នាំ​មួយចំនួន របស់ខ្លួន​ដល់​កាកបាទក្រហមកម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្នុង​គោលបំណង​ចូលរួមចំណែក​ដល់​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ កម្ពុជា​ដើម្បី​បំពេញតម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​។​

​ថ្លែង ក្នុង​ពិធី​សម្ពោធ លោក ផា​ទ្រី​ក ឆ​យ បាន​គូសបញ្ជាក់ថា​៖ “​ក្រុមហ៊ុន​ឱសថ Bailly-Creat បានធ្វើ​វាយលុក​ទីផ្សារ​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ឱសថ​ជាច្រើន ប្រភេទ​ដែល​សុទ្ធសឹង​ជា​ផលិតផល​ឱសថ​គោរព​តាម​ស្តង់ដារ​គុណភាព​អឺរ៉ុប អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មកហើយ​។​យើង​មាន​សុទិដ្ឋិនិយម​ថា​កិច្ចសហការ​របស់​យើង​ជាមួយនឹង ក្រុមហ៊ុន Zuellig Pharma នឹងមាន​រយៈពេល​យូរអង្វែង និង​មាន​ភាព​រីកចម្រើន គឺ​មិនមែន​សម្រាប់តែ​ពួកយើង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ផងដែរ​”​។​

​លោក​បាន​គូសបញ្ជាក់​ទៀតថា​៖«​យើង​មាន​កិត្តិយស​ណាស់ដែ​លអាច​ប​ង្កើ​ន​នូវ​ផលិតផល​ឪ​សថ​របស់​យើង ដែល​យើង​បាន​នឹង​បង្ហាញជូន​អ្នក​ទាំងអស់គ្នា​នៅក្នុង​ថ្ងៃនេះ​។ ឥឡូវនេះ​ឱសថ​ថ្មី​ទាំងនេះ​មាន​លក់​នៅ​ក្រុមហ៊ុន Zuellig Pharma ដើម្បី​បំពេញ​តាម​តម្រូវការ របស់លោក​អ្នក និង​សម្រាប់​ចែកចាយ​នៅតាម​ឱសថស្ថាន​នានា​»​។​

​ក្រុមហ៊ុន Patric CHOAY គ្រុប​ជា​ក្រុមហ៊ុន​ឱសថ​បារាំង​ឯករាជ្យ​មួយ​ហើយ​ក៏មាន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ដូចជា មន្ទីរពិសោធន៍ CCD​ដែល​ធ្វើការ​យ៉ាង​ស្និទ្ធ​លើ​សុខភាព​ស្ត្រី​អស់​រយៈពេល ៥០​ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែល​ផលិត និង​បង្កើត​គ្រឿងសម្អាង និង​អាហារ​បំប៉ន និង​ក្រុមហ៊ុន Prodimed ដែល​រចនា និង​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​វះកាត់ និង​កងដៃ​ស្បូន​ពន្យារកំណើត​។ ជាមួយនឹង​កម្លាំង​ការងារ​ដ៏​រឹងមាំ​នៃ​និយោជិត​ជាង​៣០០​នាក់ ក្រុមហ៊ុន​នេះ​នឹង​បន្ត​ផ្សព្វផ្សាយ​ឱសថ​របស់ខ្លួន​យ៉ាងសកម្ម​នៅ​ទូទាំង​ពិភពលោក​។​

​មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ១៩០១ និង​មន្ទីរពិសោធន៍ Creat​បើក​ដំណើការ​នៅ​ឆ្នាំ ១៩៧២ ។​ការបញ្ចូល​គ្នា​រវាង មន្ទីរពិសោធន៍ Bailly និង មន្ទីរពិសោធន៍ Creat​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ២០០២​។​ក្រុមហ៊ុន​ឱសថ Bailly Creat​ត្រូវបានគេទទួលស្គាល់​លើ​ជំនាញ​ក្នុងការ​ផ្សំ​រូបមន្ដ​បង្កើត និង​ផលិត​នូវ ថ្នាំ​គ្រាប់ និង​អាហារ​បំប៉ន ។​ដោយ​ផ្អែកលើ​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដ៏​រឹងមាំ ក្រុមហ៊ុន​ឱសថ​Bailly Creat​ផលិត និង​ចែកចាយ​នូវ​ផលិតផល​ទូទៅ​របស់ខ្លួន​ទៅកាន់​ជាង ៣០​ប្រទេស​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាននិងកំពុង​ធ្វើ​ទីផ្សារ​ដាក់​បង្ហាញ​នូវ​ឱសថ​ជាច្រើន​ប្រភេទ ដែល​ស្របតាម​ស្តង់ដារ​គុណភាព​អឺរ៉ុប​។ ឱសថ​ទាំងនេះ​មានការ​គាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ជឿជាក់ថា វា​ជា​ពេលវេលា​ដ៏​សមរម្យ​មួយ​ក្នុងការ​តបស្នង​តាមរយៈ​គំនិត​ផ្តួចផ្តើម​នៃ​ការផ្តល់​ជំនួយ​ជា​ឱសថ​ដែលមាន​គុណភាព​និង​ត្រូវបាន​បញ្ជា​ក់ដោយ​វិទ្យាសាស្ត្រ​ដែល​នឹង​ជួយ​ប្រជាជន​កម្ពុជា​ជាច្រើន​ក្នុងការ​ព្យាបាល​ជំងឺ​របស់ខ្លួន​៕Ph