ដោយ: ពៅនិមល / ភ្នំពេញ៖ នៅស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ បានរៀបចំពិធីសម្ពោធ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី មន្រ្តីក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្មខេត្ត ចំនួន៤ មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង សហគមន៍កសិកម្មមៀន ព្រមទាំងភ្ញៀវ កិត្តិយស ជាច្រើននាក់ ផ្សេងទៀត។

លោករដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថាៈ ឆ្នាំ២០២២ នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ជាមួយនឹងការពង្រឹង និងពង្រីកទំនាក់ទំនង លើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។

លោកបានបន្តថាៈ ជាមួយការសម្រេចបានសិទ្ធិនាំចេញ ផ្លែមៀនស្រស់ផ្លូវការ ទៅកាន់ប្រទេសចិន នាពេលនេះ ជាការបោះជំហានទៅមុខយ៉ាងវែង សម្រាប់កម្ពុជា។ ហើយនៅពេល កម្ពុជា នឹងបើកការចរចា ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំ ចេញ កសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ម្នាស់ ខ្នូរ គ្រាប់ឈូក និងផលិតផលសម្បុកត្រចៀកកាំ ជាដើម។ល។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាៈ ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី៣ ដែលត្រូវបានអនុម័តនាំចេញ ទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោត នៅឆ្នាំនេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជា ទៅប្រទេសចិន។

លោកបានបន្តថាៈ ការប្រារព្ធពិធីក្នុងថ្ងៃនេះ ដើម្បីធ្វើជាសាក្សីនៃការនាំចេញផ្លែមៀន របស់កម្ពុជា ទៅកាន់ប្រទេសចិន ដោយជោគជ័យ នេះជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការកសិកម្ម រវាងប្រទេសទាំងពីរ ក្រោមការរីករាលដាលនៃកូវីដ១៩។ វានឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍនបន្ថែម ទៀត នៃទំនាក់ទំនងមិត្តភាព រវាងចិន និងកម្ពុជា។

សូមបញ្ជាក់ថា ជុំវិញការសម្រេចបានលទ្ធផល ខាងលើនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា បានបើកការចរចាលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ បើកទីផ្សារ អស់រយៈពេល ជាង ៣ ឆ្នាំ ទើបរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាជិតចិន (GACC) បានអនុម័តចុះ បញ្ជីជាផ្លូវការ នូវចម្ការមៀន ចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ ចំនួន៨ សម្រាប់នាំចេញ ផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍របស់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថាៈ គិតចាប់ពីឆ្នាំ២០១៩ ដល់បំណាច់ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បាននាំ ចេញកសិផល សរុបចំនួនប្រមាណ ២លាន ៤សែនតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញ សរុបប្រមាណ ១.៩៤២ លានដុល្លារ ។

សូមជម្រាបជូនបន្ថែមថាៈ ដោយឡែក គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ ការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសចិន សម្រេចបានជាង ៥៨ ម៉ឺនតោន គិតជាទឹកប្រាក់ ប្រមាណជាង ៤៩១ លានដុល្លារ៕/V-PC

ចំណងជើងរូបភាព៖ ពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
រូបភាព៖ ពៅនិមល