ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់ អ្នកប្រដាល់ ២ រូប កំពុងតែប្រជែងគ្នា ដណ្ដើមកៅអីវគ្គ ៤ នាក់ ចុងក្រោយ តែមិនដឹងថា នរណា ជាអ្នកមានសមត្ថភាពនោះឡើយ ។ អ្នកប្រដាល់ ទាំង ២ រូបនោះ គឺ សូត្រ វាសនា ក្លិបបក្សីស្លាបដែក និង ពុទ្ធ សំបូរ ក្លិបពុទ្ធសេរី វង្ស។

សម្រាប់ការប្រកួតបញ្ចប់ពូល ថ្ងៃទី៣០ តុលា លើសង្វៀន TV5 សូត្រ វាសនា ត្រូវតស៊ូ ជាមួយអ្នកប្រដាល់ គង់ ហ៊ូវ ក្លិបមេ សថ្ងក ខេត្តស្វាយរៀង។ សម្រាប់ គង់ ហ៊ូវ ដែលពីរ ប្រកួតចាញ់ទាំង ២ ប្រកួតនោះ គេគ្មានវាសនាបានឡើង ប្រកួតបន្តវគ្គពាក់កណ្ដាផ្ដាច់ ព្រ័ត្រឡើយ ទោះបីមួយប្រកួត ចុងក្រោយនេះ គេឈ្នះ ឬ ចាញ់ក៏ដោយ ព្រោះនេះជា ការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ចំពោះ សូត្រ វាសនា ដែល ២ ប្រកួត ឈ្នះមួយប្រកួត ចាញ់មួយប្រកួតនោះ ប្រសិនបើ ការប្រកួតនេះ គេជួបបរាជ័យនោះ គេត្រូវចាំអ៊ុតជាមួយ អ្នកប្រដាល់ ពុទ្ធ សំបូរ តែទោះជា យ៉ាងណា ក៏ភាគរយរបស់ វាសនា ខ្ពស់ជាងសំបូរដែរ។ អ្នកប្រដាល់ទាំង ២ រូបនេះ កាលជួបគ្នា វាសនា ផ្ដួល សំបូរ នៅទឹកទី៣ ។ គង់ ហ៊ូវ ទំនងមិនមែនជាឧបសគ្គ សម្រាប់ សូត្រ វាសនា ឡើយ ។ ដោយឡែក ពុទ្ធ សំបូរ ត្រូវជួបប្រកួតជាមួយ ឃុន បូរ៉ា ក្លិបរស្មី ភូមិគាប ខេត្តបន្ទាយមានជ័យ ដែល បូរ៉ា ២ ប្រកួតរបស់គេ ឈ្នះទាំង ២ ប្រកួត។

បូរ៉ា ទោះបីចិត្តរបស់គេ មិនសូវធំក៏ពិតមែន តែគេជាអ្នកប្រដាល់ ដែលមានផ្លែវ៉ៃបានល្អរហ័ស ទាំងវាយលុក ទាំងការពារ។ នេះក៏ជាការប្រកួតបង្គ្រប់កិច្ចរបស់ បូរ៉ា ប៉ុណ្ណោះ ព្រោះគេមិនខ្វល់ឡើយ ទោះបីគេចាញ់ ឬឈ្នះ ក៏គេមានកៅអី សម្រាប់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដែរ ។ ប្រសិនបើ វាសនា និង សំបូរ បរាជ័យដូចគ្នានោះ គឺ វាសនា ហើយ ដែលមានកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត។

ការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់ ហ៊ឹម គឹមរៀង ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ប្រកួតជាមួយអ្នកប្រដាល់ថៃ Rak Sorin ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ អ្នកប្រដាល់ សាន រ៉ាគីម ក្លិបក្លិបរាហ៊ូ កីឡាខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ថៃ Rith Ayara ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

ការប្រកួតសាល្បងបច្ចេកទេស រវាងអ្នកប្រដាល់រួមជាតិវិញនោះ ខាំ ចក្រវីន ក្លិបមេសថ្ងក ខេត្តស្វាយរៀង ប្រកួតជាមួយ សុវណ្ណឌឿន ចុងភៅ ក្លិបនរាយណ៍តេជៈគុនខ្មែរ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម៕/V-PC