ដោយៈ វណ្ណៈ / ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ នេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ចូលរួមសហការ ស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន ប្រាំមួយនាក់ មានភិនភាគ ដូចមាន ក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀត ដែលបានប្រព្រឹត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។

សូមបញ្ជាក់ថា សមត្ថកិច្ច បាននិងកំពុងតាមប្រមាញ់ ក្រុមជនសង្ស័យ ខាងលើ និងសូមអំពាវនាវ ដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ច ចាត់វិធានការ តាមផ្លូវច្បាប់។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសម្ងាត់ ព្រមទាំងផ្តល់រង្វាន់ លើកទឹកចិត្ត ដល់បងប្អូនដែលចូលរួម ផ្តល់ព័ត៌មាន៕/V-PC