ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កេន​យ៉េ វេស (Kanye West) ត្រូវបាន​ក្រៀក​ចេញពី​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង​កីឡា Skechers ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា បន្ទាប់ពី​គាត់​បាន​បង្ហាញខ្លួន​ដោយ​មិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៦​តុលា ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​ក្រុមហ៊ុន Adidas បានបញ្ចប់​ភាពជា​ដៃគូ​ជាមួយ​សិល្បករ​រូបនេះ ក្រោយពី​លោក​​ថ្លែង​ប្រឆាំងនឹង​ជនជាតិជ្វី​ហ្វ​។​

​ក្រុមហ៊ុន​បាន​និយាយថា លោក​វេស ដែល​បាន​ប្តូរ​ឈ្មោះ​របស់​គាត់​ដោយ​ស្របច្បាប់​ទៅជា យ៉េ (Ye)”​បាន​មកដល់​ដោយ​មិន​ប្រកាស​និង​ដោយ​គ្មាន​ការអញ្ជើញ​” នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Skechers នៅ​ម៉ា​ហា​ថា​ន​ប៊ីច (Manhattan Beach) ភាគ​និរតី​ទីក្រុង​ឡូ​សអាន់​ជេ​ឡេស​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា “​ដោយ​ចាត់ទុកថា យ៉េ​បាន​ចូលរួម​ក្នុង​ការថត​វីដេអូ​ដោយ​គ្មាន​ការអនុញ្ញាត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Skechers​ពីរ​នាក់​បាន​អមដំណើរ​​គាត់​និង​ភាគី​របស់​គាត់​ចេញពី​អគារ បន្ទាប់​ពី​ការសន្ទនា​ខ្លី​”​។​

​ក្រុមហ៊ុន​បាន​និយាយថា “Skechers មិន​ពិចារណា​និង​មិន​មាន​ចេតនា​ធ្វើការ​ជាមួយ​វេស​ទេ​។ យើង​ថ្កោលទោស​សម្តី​បំបែកបំបាក់​ថ្មីៗ​របស់គាត់ ហើយ​មិន​អត់ឱន​ចំពោះ​ការប្រឆាំង​នឹង​ជនជាតិជ្វី​ហ្វ​ឬ​ទម្រង់​នៃ​ការនិយាយ​សម្អប់​ផ្សេងទៀត​នោះឡើយ​”៕

វេស​ត្រូវបាន​ទាត់​ចេញពី​ទីស្នាក់ការ Skechers កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ក្រុមហ៊ុន Adidas បានបញ្ចប់​ភាពជា​ដៃគូ​ជាមួយ​សិល្បករ​រូបនេះ​