​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០២២​នេះ នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២ ជាមួយនឹង​ឱកាស​ការងារ​ចំនួន​ប្រមាណ​ជាង ២​ម៉ឺន​កន្លែង នៅ​អគារ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២​នេះ គឺជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ ដោយ​ប្រមូលផ្តុំ​និយោជក​ធំៗ​គ្រប់​វិស័យ​ប្រមាណ​១៥០ ដើម្បី​ប្រកាស​ជ្រើសរើស​បេក្ខជន​គ្រប់មុខ​តំណែង ស្របតាម​ចំណេះ ជំនាញ និង​សមត្ថភាព​។ ក្នុងនោះ​វិស័យ​នាំមុខគេ​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, សេវាកម្ម​លក់ដុំ និង​រាយ​, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​, ម្ហូបអាហារ និង​ភេសជ្ជៈ​, អចលនទ្រព្យ​, សេវាកម្ម ព្រមទាំង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​។ ក្នុងនោះ​វិស័យ​នាំមុខគេ​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, សេវាកម្ម​លក់ដុំ និង​រាយ​, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​, ម្ហូបអាហារ និង​ភេសជ្ជៈ​, អចលនទ្រព្យ​, សេវាកម្ម ព្រមទាំង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​។ បន្ថែម​លើ​នេះ ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ នឹងមាន​រៀបចំ​សិក្ខាសាលា​លើកកម្ពស់​ផលិតភាព​ក្រោម​ប្រធានបទ​ស្តីពី «​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ ឌីជីថល​នីយកម្ម និង​ផលិតភាព​» ផងដែរ​។​

​សូមបញ្ជាក់ថា ពិព័រណ៍​ការងារ​ថ្នាក់ជាតិ គឺជា​អន្តរាគមន៍​ទីផ្សារការងា​រ​ដ៏​ធំ និង​មាន​លក្ខណៈ​ប្រមូលផ្តុំ​ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​មួយឆ្នាំ​ម្តង បន្ថែម​ទៅលើ​ការផ្តល់សេវា​ការងារ​ជាប្រចាំ​ថ្ងៃ សំដៅ​ពង្រីក​ការផ្សព្វផ្សាយ បង្កើន​ការយល់ដឹង និង​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​។ ជាពិសេស ព្រឹត្តិការណ៍​ឆ្នាំ​២០២២ នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ជុំគ្នា​ផ្ទាល់​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩​បាន​ធូរស្រាល​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រំពឹងថា ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​នេះ​អាច​ចូលរួមចំណែក​ដោះស្រាយ ភាព​គ្មាន​ការងារ​ធ្វើ និង​ការជ្រើសរើស​កម្លាំង​ពលកម្ម​តាម​តម្រូវការ តាមរយៈ​វិធានការ​ដូចជា​៖ ប្រមូលផ្តុំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​សំដៅ​បំពេញ​កង្វះខាត​នៃ​ការបញ្ជ្រាប​ឱកាស​ការងារ​ល្អៗ និង​ព័ត៌មាន​ទីផ្សារការងារ ដល់​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ សមត្ថភាព និង​បទពិសោធន៍​ដែល​និយោជក​ត្រូវការ​ជ្រើសរើស​, ផ្ដល់​ការប្រឹក្សា​យោបល់​អាជីព ការងារ និង​ជំនាញ ដែល​ទីផ្សារ​កំពុង​ត្រូវការ ដោយ​ជួប​ផ្ទាល់​រវាង​និយោជក គ្រឹះស្ថានសិក្សា និង​កម្លាំង​ពលកម្ម​គ្រប់​ប្រភេទ នៅនឹងកន្លែង​ពិព័រណ៍​តែម្ដង និង​បង្កើន​ទំនាក់ទំនង និង​ភាពជា​ដៃគូ​ក្នុងចំណោម​និយោជក និង​ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​លើកកម្ពស់​ដំណើរការ​ទីផ្សារការងារ និង​សកម្មភាព​ធុរកិច្ច​ឱ្យមាន​តុល្យភាព និង​និរន្តរភាព​កាន់តែ​ប្រសើរ​ជាដើម​៕​