ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានធ្វើការ​បង្ហោះ​រូបភាព​ផូស៊ីល​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​មួយ​សន្លឹក​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ដោយ បាន​បញ្ជាក់ថា​៖ «​ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រ​ដំបូង​ដែល​រកឃើញ​នៅ​ស្រុក​ខ្មែរ​»​។​

តាមរយៈ​ការ​បង្ហោះ​រូបភាព​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នេះដែរ​ត្រូវបាន​គេ​ដឹងថា​បំណែក​ឆ្អឹង​ផូស៊ីល​សត្វ​ដាយ​ណូ​ស័​រ​នេះ​ត្រូវបាន​រកឃើញ​នៅ​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា​ដែល​ស្ថិតក្នុង កោះ​ប៉ោ ជាប់​ដែនជម្រកសត្វព្រៃ​តា​តៃ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

ទាក់ទិន​ក្នុងការ​រកឃើញ​ផូស៊ីល​ឆ្អឹង​សត្វ​យុគសម័យ​រាល់​លាន​ឆ្នាំមុន​របស់​ភពផែនដី​នេះដែរ​ត្រូវបាន​មន្ត្រី​ក្រសួងបរិស្ថាន​អះអាងថា​គេ​គ្រោង​នឹងសិក្សា​លម្អិត​ពី​បំណែក​ផូស៊ីល​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​នេះ​នៅ​អំឡុង​ខែវិច្ឆិកា​ខាងមុខ​។​
​ ​
​បញ្ជាក់ប្រាប់​ជុំវិញ​បញ្ហា​នេះ លោក លឹម វណ្ណ​ច័ន្ទ ប្រធានការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ «​ផូស៊ីល​នេះ​វា​កប់​ក្នុង​ស្រទាប់​ថ្មភក់ ប៉ុន្តែ​ដោយសារ​ចលនា​ផែនដី​បានធ្វើឱ្យ​រុញ​វារ​បើក​មួយផ្នែក​តូច​ជា​ឆ្អឺ​ង​ស្មងជើង​ខាងឆ្វេង​។​ក្នុងការ​សិក្សា​គេ​ទទួលស្គាល់​រួចហើយ​ថា​ជា​ផូស៊ីល​សត្វ​ដាយ​ណូ​ស័​រ​។ ទោះបីយ៉ាងណា​គេ​មិនទាន់​ដឹងថា​វា​ឈ្មោះ​អ្វី​នៅឡើយ​ទេ ពូជ​ដាយ​ណូ​ស័​រ​អ្វី​ក៏​គេ​មិនទាន់​ដឹង​នៅឡើយ​ដែរ ហេតុនេះ​វា​ទាមទា​សិក្សា​លម្អិត​បន្ថែមទៀត​»​។​

​មន្ត្រី​រូបនេះ​បានឱ្យដឹង​ដែរ​ថា «​កាលពី​ឆ្នាំ ២០២១ ក្រសួងបរិស្ថាន​បានធ្វើការ​ផ្សព្វផ្សាយ​ថា​យើង​បាន​រកឃើញ​ឆ្អឹង​សត្វ​បុរាណ​មួយ ហើយ​ឆ្អឹង​មួយ​នេះ​យើង​បាន​បន្ត​សិក្សា និង​វិភាគ​ជាមួយនឹង​អ្នកជំនាញ​បារាំង​។ កាលពី​ឆ្នាំ ២០២១ យើង​ពុំបាន​ផ្សាយ​ជា​ផូស៊ីល​ដាយ​ណូ​ស័​រ​ទេ ហើយ​ពេលនេះ​យើង​បាន​ផ្សាយ​ពី​ការ​របកគំហើញ​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​រឿង​សត្វ​ដាយ​ណូ​ស័​រ​ហ្នឹង​!​។ ការផ្សាយ​នេះ​បន្ទាប់ពី​យើង​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ​បារាំង ហើយ​យើង​នឹង​បន្ត​សិក្សា​ទៅលើ​ឆ្អឹង​ហ្នឹង​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ខែក្រោយ​ក្នុងអំឡុង​ខែវិច្ឆិកា និង​ខែធ្នូ​នេះ​យើង​នឹងធ្វើ​កំណាយ​ស្រាវជ្រាវ​»​។​

​លោក​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្នុង​គម្រោង​សិក្សា​ខាងមុខនេះ​អ្នកជំនាញ​នឹងធ្វើ​កំណាយ​ទំហំ​៥​ម៉ែត្រ​៤​ជ្រុង​ដើម្បី​បើក​ស្រទាប់​ថ្ម​នេះ​ថា​តើ​នឹងមាន​បំណែក​ឆ្អឹង​ផ្សេងទៀត​ឬក៏​អត់​។​ក្នុងការ​សិក្សា​នេះ​នឹងមាន​ការចូលរួម​ពី​អ្នកជំនាញ​បារាំង​ផងដែរ​។​

​លោក លឹម វណ្ណ​ច័ន្ទ បានបញ្ជាក់​បន្ថែមថា​៖ ផូស៊ីល​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​នេះ​អាចមាន​អាយុកាល ៦៥​លាន​-១៩០​លាន​ឆ្នាំមុន ហើយ​នេះ​ជា​ផូស៊ីល​ឆ្អឹង​សត្វ​ដំបូង​គេ ដែល​រកឃើញ​នៅ​កម្ពុជា​។ លោក​ថា ផូស៊ីល​ឆ្អឹង​សត្វ​នោះ​កប់​ជាប់​ក្នុង​ថ្ម ហើយ​វា​មាន​ប្រវែង​៧០​ស​.​ម និង​ទទឹង​២០​ស​.​ម​។ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ តំបន់​ដែល​បាន​ប្រទះឃើញ​ផូស៊ីល​ឆ្អឹង​សត្វ​នេះ មាន​អាយុកាល​ក្នុង​ស័ក​ទី​២ (៦៥​លាន​-១៩០​លាន​ឆ្នាំមុន​) មានន័យថា វា​អាចមាន​ទំនាក់ទំនង នឹង​សត្វ​ដែល​រស់នៅ​ក្នុងពេល​ដាយ​ណូ​ស័​រ​នៅមាន​ជីវិត​នៅ​កម្ពុជា​។​

​ទោះបី​យ៉ាងណាក្តី លោក លឹម វណ្ណ​ច័ន្ទ បានបញ្ជាក់​បន្ថែមថា «​យើង​មិនទាន់​យក​ឆ្អឹង​នោះមក​ទេ យើង​រក្សា​វា​នៅ​ទីនោះ​សិន ដោយមាន​កិច្ចការពារ ពី​មន្ទីរ​បរិស្ថាន​នៅ​ទីនោះ ហើយ​និង​សិក្សា​វា​នៅ​ខែក្រោយ​នេះហើយ​»៕