​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការខកចិត្ត​របស់លោក អង់​តូ​នីញ៉ូ កុង​តេ (Antonio Conte) គ្រោង​នឹង​កើនឡើង​កាន់តែខ្លាំង ខណៈ​អ្នក​ចាត់ការ​ទូទៅ Tottenham​រូប​នេះ​រំពឹង​ជាប់​​បម្រាម​សម្រាប់​ការប្រកួត Champions League ដ៏​សំខាន់​នៅ​សប្តាហ៍​ក្រោយ​នៅ​ទឹកដី​របស់ Marseille ។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ត្រូវបាន​បណ្ដេញចេញ​ដោយ​អាជ្ញាកណ្តាល ដាន់​នី ម៉ាក​កេលី (Danny Makkelie) នៅ​ចុង​ម៉ោង​នៃ​ការប្រកួត​ដែល​ទទួលបាន​ត្រឹម​លទ្ធផល​ស្មើ ១-១​កាលពី​ថ្ងៃ​ពុធ​​ទី​២៦​តុលា​នៅ​ក្នុង​ទឹកដី​ទល់​នឹង​ក្រុម Sporting Lisbon សម្រាប់​ការបង្ហាញ​ការ​មិន​ពេញចិត្ត​របស់គាត់​ចំពោះ​ការសម្រេចចិត្ត​មិន​អនុញ្ញាត​ឱ្យ​គ្រាប់​បាល់​ចុង​ម៉ោង​របស់ ហា​រី ខេន (Harry Kane) ចូល​ទី​។​

​កាត​ក្រហម ដែល​បង្ហាញ​ដោយ​មន្ត្រី​ក្នុង​ការប្រកួត UEFA គឺ​ត្រូវ​ព្យួរ​មួយ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​លោក​កុងតេ​នឹង​មិន​គ្រាន់តែ​ខកខា​ន​បង្ហាញខ្លួន​នៅ​លើ​ខ្សែបន្ទាត់​ទីលាន​នៅ​ទឹកដី Marseille ប៉ុណ្ណោះ​ទេ កន្លែង​ដែល Spurs ត្រូវការ​ស្មើ​ដើម្បី​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​គាត់​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទាក់ទង​ជាមួយ​កីឡាករ​របស់គាត់​មុន​ឬ​អំឡុង​ពេល​ការប្រកួត​នៅ​កីឡដ្ឋាន Stade Velodrome ហើយ​នឹង​ត្រូវ​អង្គុយ​នៅ​កន្លែង​ទស្សនិកជន​។​

​មាត្រា ៦៩ នៃ​បទ​ប្បញ្ញត្តិ​វិន័យ​របស់ UEFA ចែងថា “​អ្នកគ្រប់គ្រង​ក្រុម​/​គ្រូបង្វឹក ឬ​មន្ត្រី​របស់​ក្រុម​ណាមួយ ដែល​ត្រូវ​បាន​បណ្តេញចេញ ឬ​ព្យួរ​ពី​ការបំពេញ​មុខងារ​របស់គាត់ មិន​អាច​ស្ថិតនៅក្នុង​តំបន់​បច្ចេកទេស ឬ​ធ្វើ​ការណែនាំ​ដល់​កីឡាករ​របស់​ក្រុម​បាន​ទេ​”​។​

“​លើសពីនេះ អ្នកចាត់ការ​ក្រុម​/​គ្រូបង្វឹក ឬ​មន្ត្រី​របស់​ក្រុម​ណាមួយ ដែល​ត្រូវបាន​ព្យួរ​ពី​ការបំពេញ​មុខងារ​របស់គាត់ មិន​អាច​ចូល​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ឬ ផ្លូវ​រូង​ក្រោម​ដី​មុន​ឬ​អំឡុង​ពេល​ប្រកួត​នោះឡើយ​”​។​

​ការដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ក៏​អាច​ធ្វើ​ឡើង​លើ​លោក​កុងតេ​ផងដែរ នៅពេលណា​ដែល​អាជ្ញាកណ្តាល​ម៉ាក​កេលី​ប្រគល់​របាយការណ៍​កា​រ​ប្រកួតរបស់​គាត់​ក្នុង​ពូ​ល D៕

​លោក​កុងតេ​ត្រូវ​អាជ្ញាកណ្តាល​បណ្តេញចេញ​ពី​ការប្រកួត​នៅ​ចុង​ម៉ោង​ក្នុងជំនួប ១-១ រវាង Spurs និង Sporting កាលពី​យប់​ថ្ងៃ​ពុធ