អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បង្ហាញខ្លួននៅគណៈកម្មាធិការ​​ប្រឆាំង​អំពើពុករលួយ

3372
ចែករម្លែក

ប្រធានគណបក្សUmnoដែលទើបជាប់ឆ្នោតថ្មីនិងជាអតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ហ្សាហ៊ីត ហាមីឌី កាលពីថ្ងៃចន្ទទី០២កក្កដាបានទៅដល់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ(MACC) ដើម្បីអោយគេសួរចម្លើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អនុប្រធានMACCបាននិយាយថា អតីតឧបនាយករដ្ឋមន្រ្តីរូបនេះត្រូវបានស្នើអោយជួយការស៊ើបអង្កេតពីរករណី។

ហ្សាហ៊ីត ហាមីឌី ត្រូវរំពឹងថានឹងត្រូវគេសុំផ្តល់របាយការណ៍ពាក់ព័ន្ធនឹងមូលនិធិមួយគ្រប់គ្រងដោយគ្រួសារលោកនិងមូលនិធិ1Malaysia Development Berhad (1MDB) តែក្នុងសន្និសីទសាព័ត៌មានមួយកាលពីថ្ងៃអាទិត្យ លោកហ្សាហ៊ីត ហាមីឌី បាននិយាយថា”ខ្ញុំអត់ដឹងគេនឹងសួរពីអ្វីទេ តែខ្ញុំនឹងសហការពេញលេញជាមួយMACC”។

លោកបានបញ្ជាក់ថា គណបក្សUmnoនឹងទុកអោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយស៊ើបអង្កេតចំពោះការចោទប្រកាន់ថា គណបក្សបានទទួលលុយពីមូនិធិ1MDBនិងមានជំនឿថាគណៈកម្មាធិការនេះនឹងធ្វើការដោយតម្លាភាព។

ក្រុមការងារមួយបង្កើតឡើងដោយរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី មានភារកិច្ចស៊ើបអង្កេតរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ1MDB។ក្រុមនេះបាននិយាយកាលពីថ្ងៃចន្ទទី០២កក្កដាថា គណនីធនាគារចំនួន៤០៨ត្រូវបង្កក ពាក់ព័ន្ធប្រាក់ប្រមាណ១,១ពាន់លានរីងហ្គីត(២៧២លានដុល្លារ) ជាផ្នែកនៃការស៊ើបអង្កេត
របស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ក្រុម បាននិយាយថា គណនីដែលត្រូវបង្កកពាក់ព័ន្ធនឹងបុគ្គល៨១និងក្រុមហ៊ុន៥៥ដែលគេជឿថា ទទួលមូលនិធិពី1MDB៕ដោយ:វាសនា

លោកហ្សាហ៊ីត ហាមីឌី ធ្វើដំណើរចូលគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីកាលពីថ្ងៃចន្ទ(zahid)

ទីតាំងផ្សាយពាណិជ្ជកម្ម