ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានស្នើឱ្យ មានកិច្ចសហការបន្ថែមពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុបៃតងបន្ថែម ការចូលរួមពីវិស័យឯកជន ក្របខណ្ឌគោលនយោបាយសញ្ញាបណ្ណបៃតង ការកៀរគរធនធានសម្រាប់សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងកម្ពុជា។

គួរបញ្ជាក់ថាការស្នើសុំពីភាគីកម្ពុជានេះបានធ្វើងឡើងបន្ទាប់ពីលោក អ៊ាង សុផល្លែត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ (The Eleventh Session of the Assembly) និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ (The Fifteenth Session of the Council) នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដែលបានរៀបចំឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២នេះនាស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សម្រាប់កិច្ចប្រជុំនេះដែរបានប្រព្រឹត្តិទៅក្រោមការសម្របសម្រួល និងដឹកនាំដោយ លោក បាន គីមូន ប្រធានGGGI និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី គីម យូ អឺន ( Kim Hyo-eun) អនុរដ្ឋមន្រ្តី និងជាឯកអគ្គរដ្ឋទូតប្រែប្រួលអាកាសធាតុនៃក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ និងជាអនុប្រធាន GGGI ដោយមានការចូលរួមផ្ទាល់ពីប្រតិភូ និងសមាជិកប្រតិភូតំណាងបណ្តាប្រទេសចំនួន៤៤ ដែលជាសមាជិករបស់GGGI សរុបចំនួន៧០រូប និងមានការចូលរួមតាមវីដេអូពីចម្ងាយមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំបានសម្រេចលើរបៀបវារៈនៃកិច្ចប្រជុំ ការរាយការណ៍ពីសមិទ្ធផលសម្រេចបានឆ្នាំ២០២២របស់ GGGI របាយករណ៍គ្រប់គ្រង និងកម្មវិធីតាមអនុគណៈកម្មាធិការ ព្រមទាំងរបាយការណ៍សង្ខេបនៃកិច្ចពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូពីចម្ងាយ។ លោក អ៊ាង សុផល្លែត ប្រធានប្រតិភូកម្ពុជាក៏ បានអញ្ជើញថ្លែងសុន្ទរកថាអន្តរគមន៍ក្នុងនាមកម្ពុជាជាប្រទេសមាជិកស្ថាបនិក ដោយបានលើកឡើងពីសមិទ្ធផលសម្រេចបាននៃលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបៃតងនៅកម្ពុជា រយៈពេល១ទស្សវត្សរ៍កន្លងមកនេះ លើការងារអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ និងក្រុងគោលដៅចំនួន៧ ការគាំទ្រដល់បច្ចុប្បន្នភាពនៃការរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) និងយុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន។

លោក បាន គីមូន បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយបង្ហាញពីការធ្វើឱ្យប្រសើរឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការកៀរគរធនធាន៥ពាន់លានដុល្លារសម្រាប់អនុវត្តការងារការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុតាមរយៈការសាមគ្គីភាព និងសុខុដុមនីកម្មក្នុងបណ្តាប្រទេសជាសមាជិក ដើម្បីជំរុញគំរូម៉ូដែលអភិវឌ្ឍន៍បៃតងឱ្យឆ្លើយតបជាមួយបញ្ហាប្រឈមបរិស្ថាន និងសង្គមជាក់ស្តែង។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកំពូលដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិករបស់ GGGI ដើម្បីចែករំលែកនូវវឌ្ឍនភាពការងាររបស់ខ្លួន និងបន្តកិច្ចសហការការងារជមួយ GGGI ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍បៃតងរួមមាន៖ ១). របាយការណ៍វឌ្ឍនភាពការងាររបស់ GGGI ឆ្នាំ២០២២ ២). របាយការណ៍របស់អនុគណៈកម្មាធិការគ្រប់គ្រងនិងកម្មវិធី ៣). របាយការណ៍សង្ខេបកិច្ចពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ ៤). របាយការណ៍លទ្ធផលកិច្ចសហការរបស់ GGGI ឆមាសទី១ ឆ្នាំ២០២២ ៥). បច្ចុប្បន្នភាពថវិកាប្រតិបត្តិការ ឆ្នាំ២០២២ ៦). កម្មវិធីការងារ និងថវិកា ២០២៣-២០២៤ ៧). កម្មវិធីទីផ្សាកាបូន និង៨). បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល៕