ដោយៈសុផល/ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាអនុប្រធានគ្រប់គ្រងគម្រោងនៃគណៈកម្មការ គ្រប់គ្រង(PMU) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រតិបត្តិ ការងារដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ដីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារពាក់ព័ន្ធ នៃគម្រោង និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

យោងតាមក្រសួងសាធារណការ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្ដូមតិយោបល់លើបទបង្ហាញស្តីអំពីសកម្មភាព និងវឌ្ឍនភាពបច្ចុប្បន្នកម្ម របស់ក្រុមការងារប្រត្តិបត្តិទាំង៦របស់គម្រោង ដែលរួមមាន៖ គម្រោងត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយភស្តុភារកម្មដែលផ្ដោតជាសំខាន់លើការដឹកជញ្ជូនបៃតង (Green Logistics) គោលនយោបាយ រក្សាទំនិញត្រជាក់ (Cold Chain Policy) និងផែនការយុទ្ធសាស្រ្តទំនើបកម្មរថយន្តដឹកជញ្ជូនធុនធ្ងន់ (Truck Modernization Strategic Plan) ដែលត្រូវអញ្ជើញភាគីពាក់ព័ន្ធ និងផ្នែកឯកជន ចូលរួម។

អង្គប្រជុំ បានកត់សម្គាល់ផងដែរលើរបាយការណ៍លទ្ធផលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូ ក្រសួងទៅកាន់ប្រទេសថៃ និងវៀតណាមទាក់ទងនឹងការរៀបចំ និងការអភិវឌ្ឍលើវិស័យភស្តុភារកម្ម សកម្មភាព និងវឌ្ឍនភាពការសាងសង់ស្ថានីយព្រំដែនស្ទឹងបត់ ការសាងសង់រួចរាល់ទីលានត្រួតពិនិត្យបណ្តោះអាសន្នស្ទឹងបត់ ការពង្រីកផ្លូវ និងប្រព័ន្ធលូនៅស្ថានីយច្រកទ្វារព្រំដែនបាវិត ការពង្រីកផ្លូវបន្ថែម៦,៣គីឡូម៉ែត្រពីស្ថានីយច្រកទ្វារព្រំដែន និងសំណើសុំការគូសគំនូសចរាចរណ៍បន្ថែមដើម្បីគ្រប់គ្រង ចរាចរណ៍នៅស្ថានីយច្រកទ្វារព្រំដែនបាវិត។

ប្រភពដដែលបានបន្តថា៖ អង្គប្រជុំបានពិភាក្សា អំពីការរៀបចំភស្តុភារកម្ម និងការស្នើប្តូរឈ្មោះវែបសាយអគ្គនាយក ដ្ឋានភស្តុភារកម្មការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលអន្តរក្រសួងដែលគ្រោងធ្វើនៅ ខែធ្នូ ឆ្នាំ២០២២ និងសំណើសុំត្រៀមរៀបចំសិក្ខាសាលាគ្រូបង្គាលសម្រាប់ការអនុវត្ត និងត្រួតពិនិត្យការ ដឹកជញ្ជូនទំនិញគ្រោះថ្នាក់ជាដើម។

សូមជម្រាបជូនថា៖ ក្រុមការងារគ្រោងនឹងបញ្ចប់ឱ្យបានចប់សព្វគ្រប់នូវរបាយការណ៍ភស្តុភារកម្មប្រចាំឆ្នាំ២០២២ គោលការណ៍ត្រួតពិនិត្យវាយតម្លៃភស្តុភារកម្មគោលការណ៍ត្រួត ពិនិត្យគម្រោង និងគោល នយោបាយមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ឱ្យបានឆាប់នាពេលខាងមុខនេះ៕