ដោយៈសុផល/ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភាឡាវ រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកស្រីង្វៀន ទឿងវ៉ាន់ (Nguyen Tuong Van) អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម នៅរដ្ឋសភាប្រទេសថៃ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។

លោកស្រី ង្វៀន ទឿងវ៉ាន់ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលដ៍មមាញឹក ទទួលជួបលោកស្រី នាឱកាសនេះ។ លោកស្រីអគ្គលេខាធិការ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជាប្រធាន AIPA របស់សម្តេចនៅឆ្នាំនេះ ប្រកបដោយជោគជ័យយ៉ាងធំធេង។

លោកស្រី ង្វៀន ទឿងវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភានិងលេខាដ្ឋានជាតិអាយប៉ាកម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន AIPA នាទីក្រុងហ្សាកាតា ដែលធ្វើឲ្យភារកិច្ចនិងតួនាទីរបស់AIPA សម្រេចបាននិងទទួលបានជោគជ័យបន្តបន្ទាប់ ជាពិសេសជោគជ័យក្នុងការរៀបចំមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកាខាងមុខនេះ។

សម្តេច ហេង សំរិន បានមានប្រសាសន៍លើកឡើងពីតួនាទីដ៏សំខាន់របស់អគ្គលេខាធិការអាយប៉ា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួលការងាររដ្ឋបាលផង និងនយោបាយការទូតសភាផង។ សម្តេច បានមានប្រសាសន៍ថា លោកស្រី អគ្គលេខាធិការ បានបំពេញ តួនាទីនេះយ៉ាងល្អប្រសើរ ទោះបីក្នុងអាណតិ្តការងារ៣ឆ្នាំ របស់លោកស្រី រំខានដោយវិបត្តិកូវីដ-១៩ ក៏ដោយ។

ជោគជ័យជាបន្តបន្ទាប់របស់AIPA ដោយសារការរួមចំណែកមួយយ៉ាងសកម្មពីសភាសមាជិក និងដៃគូពាក់ព័ន្ធ ក្រោមការចាត់ចែងការងាររដ្ឋបាលប្រកបដោយប្រសិទ្ធភាពខ្ពស់របស់លេខាធិការដ្ឋានអចិន្រ្តៃយ៍។

សម្តេចប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានមានប្រសាសន៍បញ្ជាក់ថា ទោះបីសភាកម្ពុជា ធ្លាប់មានបទពិសោធន៍រៀបចំវេទិកាអន្តរជាតិធំៗជាច្រើន ក៏នៅតែត្រូវការវត្តមានលោកស្រី និងសហការី ដែលជាមន្ត្រីបបច្ចេកទេសក្នុងការសម្របសម្រួលការងារ ជាពិសេសកម្មវិធី របៀបវារៈ មហាសន្និបាត ឱ្យប្រព្រឹត្តទៅរលូន ឆ្លើយតបសភាពការណ៍ថ្មីៗក្នុងតំបន់ និងសកលលោក៕