ដោយៈ សុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចបានលើកឡើងថា វេទិកាលើកទី៣០របស់APPF នាពេលនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពលរដ្ឋ នៅទូទាំងពិភពលោក។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ-១៩ ជាការងារដ៏ចាំបាច់និងអាទិភាពបំផុត ហើយថា APPF ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឱ្យបាននូវការស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ន និងធន់តាមរយៈការលើក កម្ពស់បរិយាប័ន្នផ្នែកឌីជីថល និងហិរញ្ញវត្ថុ កិច្ចគាំពារសង្គម សមភាពយេនឌ័រ និងការអភិវឌ្ឍដែលផ្តោតលើមនុស្ស។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF) នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅ ក្នុងតំបន់និងសកលលោក។

កិច្ចប្រជុំដែលពិភាក្សាលើផ្នែកនយោបាយ និងសន្តិសុខ មានប្រធានបទសំខាន់ចំនួនបី រួមមាន ១) ការលើកកម្ពស់ការទូតសភាដើម្បីសន្តិសុខក្នុងតំបន់ ២)ការពង្រឹងសន្តិសុខ ផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ទី៣) ស្តីពី សភានិងការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ។

សម្តេច ហេង សំរិន បានលើកឡើងថា ការជួបជុំគ្នារបស់ APPF នាពេលនេះ គឺស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ដែលបានកំពុងកើតឡើង ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការគម្រាមកំហែងផ្នែកសន្តិសុខ សង្រ្គាមនៅអ៊ុយក្រែន ជាដើម។ ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ វិបត្តិមនុស្សជាតិ និងនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញាំ និងមិនងាយរលត់នោះទេ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមិនទាន់បានចប់ទាំងស្រុង ។

ប្រឈមនឹងបញ្ហាទំាងអស់នេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ របស់សភាកម្ពុជានិងបានគោរពអញ្ជើញ សមាជិកAIPA និងភ្ញៀវសង្កេតការណ៍ទំាងអស់ ចូលរួមមហាសន្និបាតនោះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នឹងប្រព្រឹត្តិទៅក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។ កិច្ចប្រជុំនេះ នឹងបន្តកិច្ចសន្ទនាសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកល៕