ដោយៈ សុផល/ភ្នំពេញ៖ ក្រុមការងារ រាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ខែតុលាបានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” ក្រោមអធីបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

កិច្ចប្រជុំបានពិភាក្សា និងត្រួតពិនិត្យលើ៖ទី១៖ បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និងទី២៖ ការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យលើសកម្មភាព និងលទ្ធផលការងារ រាយការណ៍ដោយលេខាធិការដ្ឋាន និងមតិបន្ថែមពី លោកប្រធាននៃអនុក្រុមការងារទាំង៣។ អង្គប្រជុំបានវាយតម្លៃថា ការងារសម្រេចបានពិតជាត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមការកំណត់ស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតប្រាកដមែន។ ជាក់ស្តែងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២០ម៉ឺននាក់ កើនឡើង ៨៦១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំពោះទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៨,៤៤លាននាក់ កើនឡើងក្នុងអត្រា ២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,២លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោក ថោង ខុន បានណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិតបញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺ បញ្ហាប្រឈម និងវិបត្តិជាសាកលនាពេលបច្ចុប្បន្ន។