ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២ នេះ ប្រទេសឡាវបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១០តាមប្រព័ន្ធអនឡាញ ។

កិច្ចប្រជុំនេះបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំនាំមុខដោយឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងដៃគូសន្ទនាលើកិច្ចការវប្បធម៌ និងសិល្បៈ រួមមាន៖ អាស៊ានបូកបី អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ហើយប្រធានបទនៃកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១០ គឺ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

លោកស្រី សួណេសាវ៉ាញ់ វីញ៉ាគិត ( Suanesavanh VIGNAKET) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ មានប្រសាសន៍ថាវប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្ដមសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៃសមិទ្ធិផលគន្លឹះ និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវ ក្រោយបរិបទការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រីប្រធាន បានលើកឡើងបន្ថែមថាវិស័យវប្បធម៌ និងសិល្បៈ នឹងឆ្ពោះទៅមុខកាន់តែសកម្ម ឈានទៅរកការសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាស៊ានសម្រាប់វប្បធម៌ និងសិល្បៈ ឆ្នាំ២០១៦-២០២៥, ASCC Blueprint 2025 និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមទាំងសេចក្តីថ្លែងការណ៍នៃរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងសេចក្តីប្រកាសអាស៊ានផ្សេងទៀតដែលពាក់ព័ន្ធជាមួយវប្បធម៌ និងសិល្បៈ ដើម្បីបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន ជាពិសេសជាមួយអាស៊ានបូកបី អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សាធារណរដ្ឋកូរ៉េ ។

រដ្ឋមន្ត្រីវប្បធម៌អាស៊ាន បានកត់សម្គាល់ថាការរីករាលដាលបានដឹកនាំយ៉ាងរហ័សក្នុងការអនុម័តនៃប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យជាច្រើន ដែលបានបង្កើតទម្រង់ថ្មីនៃសង្គម-វប្បធម៌ និងសេដ្ឋកិច្ច។

រដ្ឋមន្ត្រី បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិស័យវប្បធម៌ និងសិល្បៈអាស៊ាន ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ និងក្នុងការប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបានទៅដល់ប្រជាពលរដ្ឋអាស៊ាន។ រដ្ឋមន្ត្រី បានចែករំលែកមធ្យោបាយដ៏រឹងមាំក្នុងការប្រមូលផ្តុំវប្បធម៌ និងសិល្បៈ សម្រាប់ការងើបឡើងវិញក្រោយការរីករាលដាលនៃជំងឺរាតត្បាត ត្រូវរួមសាមគ្គីគ្នាឲ្យកាន់ស្និតស្នាល និងរឹងមាំថែមទៀត ដើម្បីពង្រឹងការគាំទ្រដ៏ប្រសើរសម្រាប់ការអភិវឌ្ឍវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត (CCIs), ការទាញយក និងលើកកម្ពស់ចំណេះជំនាញ ទំនៀមទម្លាប់ និងសិប្បកម្មក្នុងស្រុក គឺជាប្រភពនៃការអនុវត្តប្រកបដោយចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌៕