ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ​ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថាៈ មេឃុំ ចៅសង្កាត់នានា អាចសរសេរពាក្យស្នើសុំត្រង់ផ្ទាល់ ទៅក្រសួងរ៉ែ និងថាមពល ដើម្បីស្នើយកថវិកា មូលនិធិអាជីវកម្មរ៉ែ សំណង់ តាមឃុំ សង្កាត់ ដែលមានអាជីវកម្មរ៉ែ ដើម្បីយកទៅអភិវឌ្ឍន៍ មូលដ្ឋាន ពិសេសនៅអំឡុងពេលពីនេះ ទៅដល់រដូវបោះឆ្នោតបាន ប៉ុន្តែការប្រើប្រាស់ ថវិកានោះ ត្រូវដេញថ្លៃ ដូចជំនាញម៉ៅការ ឬលទ្ធកម្មដែរ។

លោករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគាររដ្ឋបាលថ្មី នៃមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ។

លោកស៊ុយ សែម ,លោកអ៊ុ រាត្រី កាត់ខ្សែបូរ សម្ពោធអគាររដ្ឋបាលថ្មីនៃមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ (រូប : ភ្នំស្វាយ )

លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ អាគាររដ្ឋបាលថ្មី នៃមន្ទីរ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ ធ្វើពីបេតុង ប្រក់ក្បឿងស្រកា ត្រី មានរចនាបទខ្មែរ ហើយមានលក្ខណ:ប្រណីត ស្តង់ដារសមស្រប។ លោកបានបន្តថាៈ វាត្រូវបានបានសាងសង់ លើផ្ទៃដីទីតាំងអគារចាស់ ទំហំ ១.២៦០ ម៉ែត្រការ៉េ។ អគារ មានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ២៨ ម៉ែត្រ កម្ពស់ពីរជាន់ ដែលមានបន្ទប់សរុបចំនួន ១៤ បន្ទប់។

លោកបានបន្តទៀតថាៈ ដោយមានការដឹកនាំចង្អុលបង្ហាញ និងការគាំទ្រប្រកបដោយ ទស្សនៈវិស័យ ជាយុទ្ធសាស្ត្រច្បាស់លាស់របស់លោក ស៊ុយ សែម លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងដោយមានកិច្ចសហការល្អ រវាងស្ថាប័នអង្គភាព រដ្ឋបាលដែនដី គ្រប់ជាន់ថ្នាក់ ធ្វើឱ្យវិស័យរ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ កំពុងមានការអភិវឌ្ឍ រីកចម្រើន គួរជាទីមោទនៈ។

លោក សុត វឌ្ឍនា ក៏បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោករដ្ឋមន្ត្រី ដែលបានផ្ដល់អគារនេះ សម្រាប់ឲ្យមន្ត្រីរាជការ នៃមន្ទីរ៉ែ និងថាមពលខេត្ត បានបម្រើ ការងារ យ៉ាងសក្ដិសមបំផុត ។ ទន្ទឹមនឹងនោះ ក៏សូមធ្វើការ ប្ដេជ្ញាចិត្តយ៉ាងស្មោះស័្មគ្រ ដោយខិតខំថែរក្សាការពារសមិទ្ធផលថ្មីនេះ ឲ្យបានល្អ យូរអង្វែង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្ត្រីក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ បម្រើផលប្រយោជន៍ ជូនរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ ជាទូទៅ ពិសេសសហការនឹងអគ្គិសនីកម្ពុជា និងសេវាករ បានផ្តល់ប្រភពបណ្ដាញ អគ្គិសនី។ បច្ចុប្បន្ន អគ្គិសនីខេត្តបន្ទាយមានជ័យ បានខិតខំពង្រីកបណ្ដាញរបស់ខ្លួន ស្ទើរគ្រប់ស្រុក ក្រុង គឺនៅសល់តែចំនួន ៦ ភូមិទៀតប៉ុណ្ណោះ កំពុងតបណ្ដាញ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីក្រោម ឱវាទទាំងអស់ សូមធ្វើការបន្តប្រឹងប្រែង បំពេញភារកិច្ច ឲ្យបានល្អប្រសើរ លើវិស័យរ៉ែ និងថាមពលបន្តទៀត ដូចជាការគ្រប់គ្រងធ្វើអាជីវកម្មរ៉ែ និងថាមពល ជំរុញការបន្ត អាជ្ញាប័ណ្ណ ការដ្ឋានអស់សុពលភាព បន្តចុះពិនិត្យការធ្វើអាជីវកម្ម សិប្បកម្មធនធានរ៉ែ ចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់។ល។

ចំពោះអគារថ្មីនៃមន្ទីររ៉ែ និងឋាមពលខេត្ត លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ ដោយសារក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបំបែកជា ២ ដោយឡែក ក្រសួងរ៉ែ ត្រូវរកកន្លែងថ្មី ជួនកាល ត្រូវទិញដីទៀតផង ឬកសាងអគារធ្វើការ នៅកន្លែងចាស់ ស្ទើរគ្រប់ខេត្ត។ ក្នុងនោះ មានខេត្ត ៦ហើយ ដែលកសាងអគារថ្មី និងដាក់ឱ្យប្រើប្រាស់។

លោករដ្ឋមន្ត្រី បានបន្ថែមថាៈ បច្ចុប្បន្ន ប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេសខ្វះថាមពល (អគ្គិសនី) មកជាប្រទេសសល់អគ្គិសនី ពោលគឺ កម្ពុជាផលិត និងនាំចូលបានជាង ៤.០០០ មេហ្កាវ៉ាត់ តែនាបច្ចុប្បន្ននេះ ប្រើប្រាសអស់តែជាង ២.០០០ មេហ្កាវ៉ាត់ ។ ទោះយ៉ាងណា បរិមាណសល់នេះ ដោយសារយើងស្ថិត ក្នុងបរិបទកូវីដ-១៩ ដែលដំណើរ ការវិនិយោគនានា បានទ្រឹង ឬមិនទាន់ដំណើរការឡើងវិញ ។ ហេតុនេះ សេចក្តីត្រូវការ អគ្គិសនី ក៏មិនទាន់ច្រើនដែរ ។ លោកបានបន្តថាៈ បច្ចុប្បន្ន កម្ពុជាមានអគ្គិសនី គ្របដណ្តប់ភូមិ ៩៨,៥% គឺសល់តែ ខ្នងផ្ទះនៅរាយប៉ាយ ដាច់ៗឆ្ងាយៗខ្លះប៉ុណ្ណោះ ។

ទាក់ទិនវិស័យរ៉ែ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ នៅប្រទេសយើង បានដំណើរការ សកម្ម ទាំងអាជីវកម្មរ៉ែ សម្ភារ:សំណង់ ទាំងរ៉ែលោហៈ ។ ចំពោះរ៉ែប្រភេទសម្ភារៈសំណង់ (ថ្ម ខ្សាច់ ដី ..) ក្រសួងបានឱ្យបង្កើតមូលនិធិរ៉ែ នៅតាមមូលដ្ឋាន ដែលមានការដ្ឋាន អាជីវកម្មរ៉ែ ។ ក្នុងនោះ បើអាជ្ញាធរឃុំ សង្កាត់ណា ចង់បានថវិកា យកទៅអភិវឌ្ឍន៍ មូលដ្ឋាន គឺលោកមេឃុំ ចៅសង្កាត់ អាចសរសេរលិខិតត្រង់ ទៅក្រសួងរ៉ែ និងថាមពល តែម្តង ។ ក្រសួងនឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ ហើយនឹងផ្តល់ថវិកាជូន សម្រាប់គម្រោងអភិវឌ្ឍន៍ផ្នែកសាធារណៈ នៅមូលដ្ឋាន។ ប៉ុន្តែ ការអភិវឌ្ឍនោះ ត្រូវដាក់ ឱ្យក្រុមហ៊ុន ដែលទទួលសិទ្ធិម៉ៅការសាងសង់ ឬអនុវត្តគម្រោងដេញថ្លៃ ជាសាធារណៈ។

ចំពោះខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រី បានអះអាងថាៈ មូលនិធិអាជីវកម្មរ៉ែនេះ មានទឹកប្រាក់សរុប ចំនួនជាង ៣៥,៨ ម៉ឺនដុល្លារអាម៉េរិក ក្នុងនោះ អាជីវកម្មរ៉ែ មាននៅ ស្រុកមង្គលបូរី ដូចជានៅឃុំអូរប្រាសាទ (ថវិកាច្រើនជាងគេ) ឃុំភ្នំតូច ។ នៅក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ៕/V