ដោយៈ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ/ភ្នំពេញ៖ខ្ញុំឈ្មោះ ជា សុខន ហៅខុយ បច្ចុប្បន្នរស់នៅក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានតួនាទីជាទីប្រឹក្សាឃុំលាយបូរតាំងពីឆ្នាំ២០១៧មក។ ខ្ញុំមានប្រពន្ធឈ្មោះ ស សែន កើតនៅឆ្នាំ១៩៥០។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះមានកូនប្រុសចំនួន៣នាក់។ ខ្ញុំមានឪពុកឈ្មោះ ជា ខឹមស្លាប់តាំងពីខ្ញុំអាយុ២ឆ្នាំ នៅរបបសង្គមរាស្រ្តនិយម។ ចំណែកម្តាយរបស់ខ្ញុំឈ្មោះ ស នឹម ស្លាប់នៅឆ្នាំ១៩៨៥ដោយសារជំងឺចាស់ជរា។
ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំនាក់ ក្នុងនោះមានស្រីពីរនាក់ ហើយខ្ញុំគឺជាកូនទីពីរក្នុងគ្រួសារ។
ខ្ញុំកើតនៅឆ្នាំ១៩៤៦នៅភូមិត្រពាំងត្រាចឃុំលាយបូរស្រុកត្រាំកក់ខេត្តតាកែវ។កាលពីជំនាន់សង្គមរាស្រ្តនិយម ពេលដែលសម្តេចព្រះ នរោត្តម សីហនុ ប្រកាសឯករាជ្យ ទ្រង់បានយកចិត្តទុកដាក់ទៅលើវិស័យអប់រំ កសិកម្ម និងវប្បធម៌ខ្លាំងណាស់។ បន្ទាប់ពីឪពុកខ្ញុំស្លាប់ ម្តាយខ្ញុំក៏យកប្តីថ្មីឈ្មោះ ខៀវ គង។

ជា សុខន ហៅខុយ បច្ចុប្បន្នរស់នៅក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឪពុកថ្មីរបស់ខ្ញុំតែងតែលើកទឹកចិត្តឱ្យខ្ញុំរៀន ដោយគាត់បាននិយាយថា «សុខចិត្តលក់ដីឱ្យកូនរៀន ប្រសើរជាងទុកដីឱ្យកូនធ្វើស្រែ»។ បន្ទាប់ពីទទួលបានការទំនុកបម្រុងពីគ្រួសារហើយ ខ្ញុំខិតខំប្រឹងប្រែរៀនសូត្រ ទាំងភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ កាលនោះខ្ញុំរៀនភាសាបារាំងតាំងពីថ្នាក់មូលដ្ឋាន ដោយមានគ្រូ ប៊ុន ឆិន និង គ្រូ ប៊ុន ហេង គឺជាអ្នកបង្រៀន។ ចំណែកមុខវិជ្ជាភាសាខ្មែរខ្ញុំរៀនជាមួយ លោកគ្រូ ត្រឹងងាគឺជាអាចារ្យបិដក។គ្រូកាលពីជំនាន់នោះមិនហ៊ានវាយសិស្សទេប៉ុន្តែគ្រូដាក់វិន័យតឹងរ៉ឹងណាស់ចំពោះសិស្ស។

នៅឆ្នាំ១៩៦៩ ខ្ញុំរៀនដល់ថ្នាក់ទី១ដែលបច្ចុប្បន្នស្មើនឹងថ្នាក់ទី១២ប៉ុន្តែខ្ញុំមិនទាន់បានប្រឡងទេក៏មានរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។នៅពេលនោះខ្ញុំក៏សម្រេចចិត្តឈប់រៀន។ បន្ទាប់ពីឈប់រៀន ខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយប្រពន្ធរបស់ខ្ញុំសព្វថ្ងៃនៅក្នុងភូមិបឹង ឃុំលាយបូរ។
មួយរយៈក្រោយមកខ្ញុំប្រឡងជាប់ចូលធ្វើជាប៉ូលិសលន់នល់និងមានតួនាទីការពារសន្តិសុខនៅទីក្រុងភ្នំពេញ។ ខ្ញុំបានយកប្រពន្ធមកនៅជាមួយខ្ញុំដែរ។ចាប់ពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៥កើតមានចលាចលកាន់តែខ្លាំងនៅក្នុងក្រុងភ្នំពេញ ធ្វើឱ្យការងារខ្ញុំកាន់តែមមាញឹកខ្លាំងដែរ។ នៅអំឡុងពេលនោះប្រពន្ធខ្ញុំមានផ្ទៃពោះ ហើយដោយសារខ្លាចមិនមានសុខវត្ថិភាពខ្ញុំក៏ជូនប្រពន្ធមកស្រុកកំណើតវិញដើម្បីឱ្យម្តាយក្មេកជួយមើលថែទាំ។ ពេលមកដល់ស្រុកកំណើត ខ្មែរក្រហមឱ្យខ្ញុំដោះសម្លៀកបំពាក់ដែលជាឯកសណ្ឋានប៉ូលិសចេញ ហើយឱ្យខ្ញុំស្លៀកសម្លៀកបំពាក់ធម្មតាវិញ។ កាលនោះ ខ្មែរក្រហមមិនទាន់ធ្វើបាបទាហាន លន់ នល់ ទេ។

ជា សុខន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលដែលយោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរប្រហមបែងចែកប្រជាជនជាបីក្រុម ទីមួយគឺជាក្រុមមូលដ្ឋាន ទីពីគឺជាក្រុមត្រៀម និងទីបីគឺក្រុម១៧ មេសា។ ខ្មែរក្រហមប្រកាសដើម្បីប្រមូលអ្នកដែលធ្លាប់ធ្វើជាមន្រ្តីកាលពីសម័យ លន់ នល់ ឱ្យមកជួបជុំគ្នា។

ខ្មែរក្រហមបាននិយាយអូសទាញថា អ្នកណាធ្វើការងារអ្វីកាលពីជំនាន់ លន់ នល់ នឹងឲ្យធ្វើការងារនោះវិញ។ ដោយសារតែខ្វះការគិតពិចារណាប្រជាជនភាគច្រើនបានទៅបង្ហាញខ្លួននិងប្រាប់ពីតួនាទីរបស់ខ្លួនឱ្យខ្មែរក្រហមដឹងដោយសង្ឃឹមថានឹងបានការងារធ្វើនិងមានមុខតំណែងដូចដើម។ក្នុងនោះក៏មានអ្នកមួយចំនួនដែលមានចិត្តលោភលន់ក៏កុហកខ្មែរក្រហមថាខ្លួនធ្លាប់ធ្វើការងាររដ្ឋតែតាមពិតទៅជាកសិករធម្មតា។ដោយសារគិតថានឹងបានតំណែងល្អ ប៉ុន្តែខុសពីការរំពឹងទុក អ្នកទាំងនោះត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់។
ចំណែកខ្ញុំ ដោយសារតែធ្លាប់សិក្សារៀនសូត្រ និងដឹងពីការឃោសនារបស់ខ្មែរក្រហម ។ដូច្នេះខ្ញុំមិនបានប្រាប់ខ្មែរក្រហមថា ខ្ញុំធ្លាប់ធ្វើជាប៉ូលិសឡើយ ហើយខ្ញុំធ្វើពុតជាមនុស្សឆ្គួត។ ទោះបីខ្ញុំធ្វើឆ្កួតយ៉ាងណាក៏ដោយ ក្រោយមកខ្មែរក្រហមមកសួរនាំខ្ញុំម្តងទៀត ប៉ុន្តែពេលនោះខ្ញុំកុហកថា ខ្ញុំនៅតែស្រែ មិនដែលធ្វើជាមន្ត្រី ឬរាជការទេតាំងពីដើមមក។ដោយសារតែឃើញខ្ញុំនិយាយដូចជាមនុស្សដែលមានសតិមិនសូវគ្រប់ ខ្មែរក្រហមលែងសួរនាំតទៅទៀត។


តាំងពីខ្ញុំនៅរៀន ខ្ញុំតែងតែចងចាំឃ្លាមួយថា «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំចរយាត្រា ឈានឈរឈប់ឱ្យពិចារណា ឱ្យរំពឹងរំពៃគ្រប់»។ ឃ្លានេះមានន័យពេញលេញដែលអាចឲ្យខ្ញុំប្រើ និងអនុវត្តផ្ទាល់បាននៅក្នុងរបបខ្មែរក្រហម។ ចំណែកខ្មែរក្រហមក៏មានឃ្លារបស់ខ្លួនដែរគឺ «ចាប់មនុស្សច្រឡំ ប្រសើរជាងដោះលេងមនុស្សច្រឡំ» ដែលមានន័យថា បើចាប់អ្នកដែលមិនមានកំហុសច្រឡំ ប្រសើរជាងដោះលេងអ្នកដែលមានកំហុសច្រឡំ។ បន្ទាប់មកខ្មែរក្រហមបានឱ្យខ្ញុំរែកអាចម៍គោដាក់ស្រែ ទោះបីគិតថាខ្ញុំគឺជាមនុស្សឆ្កួតក៏ដោយ គឺប្រើខ្ញុំមិនឲ្យមានពេលសម្រាកទេ។ បន្ទាប់ពីរែកអាចម៍គោ ខ្មែរក្រហមបានប្រើខ្ញុំឲ្យបបររទេះគោដើម្បីដឹកទឹកទៅឲ្យអ្នកនៅតាមកង។

ពេលនោះខ្ញុំឆ្លៀតឱកាសដើម្បីផ្គាប់ចិត្តអ្នកជុំវិញខ្លួនខ្ញុំទាំងអស់។ ខ្ញុំដឹកទឹកឱ្យប្រធានកង ឱ្យឈ្លប និងឱ្យកម្មាភិបាល ធ្វើឲ្យអ្នកទាំងនោះអាណិតស្រឡាញ់ខ្ញុំ។ ខ្ញុំរស់នៅសុខ និងមិនមានអ្នកធ្វើបាបខ្ញុំឡើយ។

នៅដើមឆ្នាំ១៩៧៩កងទ័ពវៀតណាមចូលមករំដោះពេលនោះខ្ញុំសប្បាយចិត្តណាស់ព្រោះដឹងថាប្រទេសជិតមានសន្តិភាពហើយ។ខ្ញុំមិនបានរត់ភៀសខ្លួនទៅណាឡើយព្រោះដឹងថាកងទ័ពវៀតណាមចូលមកក្នុងគោលបំណងល្អ។ក្រោយពេលរបបខ្មែរក្រហមដួលរលំខ្ញុំត្រឡប់មករស់នៅភូមិបឹងដែលជាស្រុកកំណើតខាងប្រពន្ធរបស់ខ្ញុំ។
មួយរយៈពេលក្រោយមកខ្ញុំប្រឡងជាប់ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរហើយតមកក៏ឡើងជានាយកនៅអនុវិទ្យាល័យលាយបូរ និងជានាយករងវិទ្យាល័យលាយបូរ។ ក្រោយពីចូលនិវត្តន៍ពីនាយករងវិទ្យាល័យលាយបូរ នៅឆ្នាំ២០១៧ ខ្ញុំបានចូលធ្វើការក្នុងសាលាឃុំ ដែលមានងារជាទីប្រឹក្សាឃុំរហូតមកដល់បច្ចុប្បន្ន៕សរន

 ជា សុខន និងមន្រ្តីនៅសាលាឃុំលាយបូរ ព្រមទាំងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ថតរូបជុំគ្នា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)