ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅសាលា ខេត្តពោធិ៍សាត់ មានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគ្រប់គ្រងករណី និងប្រព័ន្ធបញ្ជូនបន្ត ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃ​គណៈអភិបាលខេត្តពោធិ៍សាត់។

ដោយមើលឃើញអំពីបញ្ហាដែលកើតលើពលករ កំពុងធ្វើចំណាកស្រុក ពលករចំណាក ស្រុកត្រឡប់មកមាតុប្រទេសវិញ និងយុវជនដែលបានលះបង់ការសិក្សា ហើយធ្វើ ចំណាកស្រុក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនោះ អង្គការជំនួយផ្លូវច្បាប់ ដល់កុមារនិងស្ត្រី ក្រោមជំនួយគាំទ្ររបស់ ក្រសួងការបរទេស និងហិរញ្ញវត្ថុរបស់ សហព័ន្ធអាល្លឺម៉ង់ តាមរយៈមូលនិធិសិទ្ធិកុមារអាល្លឺម៉ង់​និងអង្គការវីវើល បាននឹងកំពុង អនុវត្តគម្រោងមួយ ដែលមានឈ្មោះថា ពង្រឹងការអប់រំ និងលទ្ធភាពទទួលបានការងារ តាមរយៈការចូលរួមរបស់សហគមន៍។

គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្នុងគោលបំណងចូលរួម ជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងសមត្ថភាពដល់ អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លុបបំបាត់ការជិះជាន់កម្លាំងពលកម្ម ដើម្បីធ្វើឲ្យជនរងគ្រោះ ទទួលបានការការពារ ស្របច្បាប់ និងយុត្តិធម៌។ ការពង្រឹងឲ្យ មានការអប់រំ ចំណេះ ជំនាញ និងការងារសម្រាប់យុវជន ដែលបានបោះបង់ការសិក្សា ឲ្យទទួលបានឱកាសការងារថ្មី និងជំនាញដែលមាន នៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើ ឲ្យពួកគាត់ទទួលបានជីវភាពល្អប្រសើរ។ ពង្រឹងទៅលើការផ្សព្វផ្សាយបន្ថែម ដល់ពលករ ចំណាកស្រុក និងអ្នកដែលមានបំណង ក្នុងការធ្វើចំណាកស្រុក ឲ្យទទួលបាននូវព័ត៌មាន ច្បាស់លាស់ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់ទទួលយុត្តិធម៌និងការការពារស្របច្បាប់ ជាពិសេសពលករចំណាកស្រុក ដែលបានវិលត្រឡប់មកមាតុភូមិវិញ​ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ នេះ។

លោកស្រី ប៉ុក ណាឌី សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឲ្យសិក្ខាកាម ទទួលបាន ចំណេះដឹងបន្ថែម ទាក់ទងទៅនឹងគោលនយោបាយទេសន្តរប្រវេសន៍ សម្រាប់ពលករ ចំណាកស្រុក ដូចជាជម្រើសសុវត្ថិភាព នៃការធ្វើចំណាកស្រុក ទៅក្រៅប្រទេស និងឱកាសការងារក្នុងស្រុក សម្រាប់អ្នកដែលបោះបង់ការសិក្សា ឲ្យទទួលបានការងារ សមរម្យ។

ជាមួយគ្នានេះ សិក្ខាកាម នឹងទទួលបានចំណេះដឹង ទាក់ទងនឹងការកំណត់អត្តសញ្ញាណ ជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងយន្តការបញ្ជូនបន្ត សម្រាប់ជួយដល់ពលករ និង ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឲ្យទទួលបានការការពារស្របច្បាប់និងយុត្តិធម៌៕/V