ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ នេះ បានទទួលអង្ករចំនួន ១០០ តោន ដែលជាអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារផល ប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានមានប្រសាសន៍ថាៈ អំណោយរបស់សម្តេចតេជោ​ ដែលរដ្ឋបាល ខេត្តទទួលបាននៅថ្ងៃនេះ នឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួប ទុក្ខលំបាក ពិតប្រាកដ។ ទន្ទឹមនេះ លោកអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន គិតគូរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា ដោយមិនទុកឱ្យនណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ៕/V