ដោយៈដេប៉ូ/ភ្នំពេញ៖នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២២នេះគណៈកម្មការបណ្ដាញសហគមន៍តំបន់ការពារធម្មជាតិ ដែលមានសមាជិកសរុបទាំងអស់ចំនួន ១៩០សហគមន៍ ស្មើនឹង ៧១ ៧៣២ គ្រួសារបានប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះ«ជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី»ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្ដា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ។

គណៈកម្មការបណ្ដាញសហគមន៍តំបន់ការពារធម្មជាតិបានលើកឡើងថា”ការប្រមាថដោយចោទប្រកាន់ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋនិងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរទាំងមូលថា «ក្បត់ជាតិ» គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត”។

ប្រភពដដែលខាងលើនេះបានបញ្ជាក់បន្ថែមថា៖”ហេតុនេះ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យ សមាជិកទាំង ៧១ ៧៣២ គ្រួសារ នៃបណ្ដាញសហគមន៍ទាំង១៩០ សូមអំពាវនាវ ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទាន់ពេលវេលា និងតាមនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងជាទណ្ឌិតរត់ចោលស្រុករូបនេះព្រមទាំងបក្ខពួកដែលបានប្រមាថលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងបានឡើយ”។

គណៈកម្មការបណ្ដាញសហគមន៍តំបន់ការពារធម្មជាតិបានឱ្យដឹងបន្ថែមថា”យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការបណ្ដាញ​សហគមន៍ទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលប្រកាសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោល មនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ​៣ជំនាន់ សម រង្ស៊ី និងបក្ខពួក ឱ្យអស់ពីកម្ពុជា ដើម្បីបន្ត រក្សាឱ្យខានតែបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ​លើគ្រប់វិស័យ និងសុខសុភមង្គលរបស់ប្រជាពលរដ្ឋខ្មែរ”៕សរន