ដោយៈដេប៉ូ/ភ្នំពេញ៖លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងថាដោយសារ រយ:ពេលជាងពីរឆ្នាំចុងក្រោយនេះសង្គមរបស់យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លើគ្រប់វិស័យ ម្ល៉ោះហើយដែលងាយរងគ្រោះដោយសារក្រុមឧក្រិដ្ឋជន។

លោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បញ្ជាក់បែបនេះបានធ្វើឡើងក្នុងវេទិកាស្តីពីសន្តិសុខសាយប័រនិងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនារសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ។

លោកជាវ៉ាន់ដេតបានមានប្រសាសន៍ថាវេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថាក្នុងការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់​ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាម​អ៊ីនធឺណិតផង​ដែរ។

ស្ថាប័នជាច្រើនធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម។

លោកបានបញ្ជាក់បន្ថែមថា សន្តិសុខសាយប័រ គឺជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា។រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារនិងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិតដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិនិងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។លើសពីនេះទៀតក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការការពារទិន្នន័យផងដែរ។ សុវត្ថិភាពអ៊ីនធឺណិត​គឺមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែ វាគឺជាដំណើរការដែលទាមទារការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ៕សរន