ដោយៈដេប៉ូ/ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)បានចេញសេចក្តីជូនដំណឹងមួយដោយបានប្រកាសដាក់ឱ្យប្រើប្រាស់នូវគេហទំព័រ“កម្ពុជាឆ្ពោះទៅឌីជីថល”និងកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ។

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក្នុង ទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថលនិងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយ ប្រសិទ្ធភាព ក.ប.ទ. បានរៀបចំកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ស្របតាមទិសដៅ កំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ក្រសួងបានបន្តឱ្យដឹងថា តាមរយៈកម្មវិធីនេះ ក.ប.ទ. បានបង្កើត គេហទំព័រ godigital.gov.khដែលជា មជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ មុខងារឧបករណ៍ឌីជីថល ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ការទិញទំនិញ អនឡាញនិងការយល់ដឹង ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។តាមរយៈថ្នាលឌីជីថលនេះសាធារណជនអាចស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជានិងអាចចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនាជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូបកបដោយគំនិតច្នៃប្រឌិតក.ប.ទ.បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ៖ (១) មួយថ្ងៃក្នុងពិភព ឌីជីថល និង (២) វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។ សម្រាប់ប្រធានបទទី១បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើ ឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រធានបទទី២បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកាវីដេអូស្តីពីវិធីសាស្ត្រនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។

ក្រសួងបានបញ្ជាក់ឱ្យដឹងដែរថាចំពោះ មាតិកាវីដេអូចំនួនបីដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី១លានដល់៤លានរៀល។ជ័យលាភីទាំងអស់នឹងមានឱកាសក្លាយ ជាអ្នកផលិតមាតិកាអប់រំសម្រាប់ ក.ប.ទ. និងត្រូវអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុន ហ្វេសប៊ុកនៅកម្ពុជាផងដែរ៕សរន