ដោយៈម៉េងឆៃ/ភ្នំពេញ៖លោក ពៅសុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរនិងជាអ្នករៀបរៀង សៀវភៅ “កូនប្រុសច្បង ដ៏មានឥទ្ធិពល” ដែលនិយាយពីដំណើរជីវិតរបស់លោកឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះថា សៀវភៅកូនប្រុសច្បងដ៏ មានឥទ្ធិពល ដែលលោកបានចំណាយពេលជាង១០ខែ ឬនិយាយមួយបែបទៀត ចំណាយពេលជាង៨ឆ្នាំ ក្នុងការស្រាវជ្រាវ និងរៀបរៀងនេះ នឹងបោះពុម្ពរួចរាល់ ហើយផ្សព្វផ្សាយជាសារធាណៈ នៅពាក់កណ្តាល ឬយូរបំផុតនៅចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះហើយ។

លោក ពៅ សុខ បញ្ជាក់ថា នៅក្នុងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលក្រៅពីការមានចំណេះដឹង ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យមកពីបរទេស លោកបានរកឃើញលក្ខណៈពិសេសនៃភាពជាអ្នកដឹកនាំ ជាច្រើន ក្នុងនោះមានកត្តាធំៗចំនួនបួន ដែលលោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឆ្លងកាត់និងលេចធ្លោ ជាងគេ មុននឹងឈានដល់ការក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី ឬហៅថាអ្នកបន្តវេន នាអនាគតគឺការដឹកនាំ ប្រយុទ្ធ នៅសមរភូមិព្រះវិហារ ឆ្នាំ២០០៨ ដល់២០១៣ ការដឹកនាំ ត្រៀមប្រយុទ្ធនៅសមរភូមិអូរអាឡៃ អូរតាង៉ាវព្រំដែនកម្ពុជាឡាវ ការដឹកនាំប្រយុទ្ធប្រឆាំងនិងទប់ស្កាត់សត្រូវឥតស្រមោលនៃលើសមរភូមិដ៏គ្រោះថ្នាក់ កូវីដ១៩ និងការកែទម្រង់ស៊ីជម្រៅវិស័យយោធានៅកម្ពុជា។

 

លោក ពៅ សុខ ឱ្យដឹងបន្ថែមថាលោកចាប់ផ្តើមរៀបចំរៀបរៀងសៀវភៅស្តីពីជីវប្រវត្តិលោកបណ្ឌិតឡើងនៅអំឡុងឆ្នាំ២០១៤ ដោយប្រើចំណងជើងត្រឹមតែពាក្យ(កូនប្រុសច្បង)បន្ទាប់ពីលោកបានជួបលោកបណ្ឌិត ហ៊ុន ម៉ាណែត លើកដំបូងនៅភោជនីយដ្ឋានមួយកន្លែង ក្នុងខណ្ឌទួលគោក ប៉ុន្តែ ដោយសារពេលវេលា និងឯកសារស្រាវជ្រាវមិនទាន់បានពេញលេញនិងចំណងជើងស្តាប់ទៅហាក់ខ្លីពេកហើយមានការលើកទឹកចិត្តពីបងប្អូន មិត្តភ្តិ ឱ្យពិចារណាឡើងវិញ អំពីចំណងជើង លោកក៏បន្ថែមពាក្យដ៏មានឥទ្ធិពលដើម្បីឱ្យវែងជាងមុន និងស្តាប់ទៅពីរោះ និងមានអត្ថន័យជ្រាលជ្រៅ ស័ក្តិសមនឹងកិត្តិយសរបស់តួអង្គក្នុងសៀវភៅនេះ។ លោកអះអាងថាក្រោយពេលលោកអ្នកមិត្តអ្នកអានបានអានសៀវភៅនេះលោកអ្នកមិត្តអ្នកអានទាំងអស់នឹងបានជ្រាបថាលោកបណ្ឌិតហ៊ុនម៉ាណែតបានធ្វើឬបានលះបង់អ្វីខ្លះដើម្បីសង្គមជាតិទាំងមូលហើយលោកអ្នកនឹងមានការស្ងើចសរសើរមិនខាន។

លោកពៅ សុខ ប្រាប់អ្នកកាសែតទៀតថា សៀវភៅ(កូប្រុសច្បងដ៏មានឥទ្ធិល)នេះ ទទួលបានការឧបត្ថម្ភបោះពុម្ពទាំងស្រុងដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួនពីរម៉ឺនច្បាប់ ហើយតាមការគ្រោងទុក បន្ទាប់ពីបោះពុម្ពរួច សៀវភៅនេះ នឹងត្រូវ ចែកចាយនៅលើទីផ្សារ និងចែកជូនដោយឥតគិតថ្លៃដល់សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ឬឥស្សរជនជាន់ខ្ពស់ ដែលនិយមការអាន ចូលចិត្តសិក្សាស្រាវជ្រាវ ដែលពុំមានលទ្ធភាពជាវ។

គួររម្លឹកថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងដែរ៕សរន