ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារ បាននឹងកំពុងបន្តចុះសួរសុខទុក្ខនិងចែកស្បៀងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ ដែលធ្លាប់រងគ្រោះ ដោយទឹកជំនន់ ចាស់ជរា និងខ្វះខាតជីវភាព ចំនួន ២០២ គ្រួសារ មកពី ៣ ឃុំ មានឃុំគុត្តសត ឃុំសូភី និងឃុំកូប ស្រុកអូរជ្រៅ និងចំនួន ១៤០ គ្រួសារ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

សកម្មភាពចែកស្បៀង ជូនប្រជាពលរដ្ឋទាំងនោះ បានធ្វើឡើងនាថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋ លំបាកឡើយ។

លោកសូមឱ្យពុកម៉ែបងប្អូន ថែរក្សាសុខភាព ហើយមានអ្វីកើតឡើង ជាយថាហេតុ សូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំងនៅមូលដ្ឋានរបសខ្លួនជាបន្ទាន់៕/V-PC