ដោយៈបាយ័ន / សៀមរាបៈ អាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបេីកដំណើរការ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ តទៅ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសាលាខេត្តសៀមរាប បានឱ្យដឹងថាៈ អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដែលមានទំហំប្រមាណជាង ១ ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួន នាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លា មកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជាមួយនឹងដំណេីរការនេះ រដ្ឋបាលខេត្តសៀមរាប សូមអបអរសាទរ និងសូមសម្តែងការគាំទ្រ ចំពោះការវិនិយោគ ព្រមទាំងដៃគូវិនិយោគនានា ចូលមកវិនិយោគ ក្នុងខេត្តសៀមរាបបន្ថែមទៀត ដេីម្បីជាឱកាសបង្កេីនការងារ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕/V-PC