ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេជ្ឈឃាតសម្លាប់បាល់ទះកម្ពុជា ពិន សារុន ដែលមានកំពស់ ២,០១ ម៉ែត្រនោះ ពេលនេះ មានរបួសគ្រេចប្រអប់ជើងធ្ងន់ធ្ងរ អំឡុងប្រកួតមិត្តភាពទល់យុវជនក្រោម ២១ឆ្នាំ របស់ជម្រើសជាតិ គុយបា។

ក្រោយរងរបួសនេះ លោកត្រូវបានពិនិត្យយ៉ាងចិត្តទុកដាក់ ដោយគ្រូពេទ្យ ហើយត្រូវបានសន្មត់ថា អ្នកខ្លាំងខាងគប់បាល់ ប្រចាំប្រទេសរូបនេះ មានរបួស ដែលត្រូវការសម្រាកមួយរយៈពេលខ្លី តែប៉ុណ្ណោះ។

នៅពេលដែលបានសួរថា ចុះប្រសិនបើរបួសនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ ហើយខកខានការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមវិញ តើ សារុន មានអារម្មណ៍បែបណា? កីឡាករ រូបនេះ បានឆ្លើយថាៈ “បើមិនបានលេងពេលស៊ីហ្គេមវិញ ខ្ញុំមិនដឹងថា ស្ដាយកម្រិតណានោះទេ ព្រោះអី ខ្ញុំចាត់ទុកការប្រកួតនេះ សំខាន់ជាងការប្រកួតព្រឹត្តិការណ៍ណាៗទាំងអស់។ ព្រោះ ថា យើងជាម្ចាស់ផ្ទះ ហើយសំខាន់ណាស់ យើងចង់ប្រជែងយកមេដាយមាស ពិសេស គឺខ្ញុំធ្លាប់ស្រមៃថា ចង់លេងនៅក្នុងព្រឹត្តិការណ៍ហ្នឹង ក្នុងផ្ទះយើងផង “។

សារុន មានជំនឿចិត្តថា របួសនេះ គ្រូពេទ្យពិនិត្យហើយថា គ្រាន់តែសម្រាកមួយរយៈពេលខ្លីប៉ុណ្ណោះ អាចថា យ៉ាងយូរត្រឹម ២ ខែ អាចចូលហាត់វិញបាន។ ពេលនេះ រូបគេហាក់បានធូរស្រាលមកវិញខ្លះៗហើយ ខណៈដែលស៊ីហ្គេម ឆ្នាំ២០២៣ សារុន ហាក់មានរយៈពេលគ្រប់គ្រាន់ ក្នុងការបង្វឹកខ្លួន ក្រោយពេលជាពីរបួស ដើម្បីត្រៀមព្រឹត្តិការណ៍នោះ ឲ្យបានល្អ។

ពិន សារុន ជាពេជ្ឈឃាតមួយរូប ដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការឆ្ពោះ ទៅរកការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ កីឡាកររូបនេះ ក៏ជាស្មាត់ដ៏សំខាន់កាលឆ្នាំ២០២២ ស៊ីហ្គេមនៅវៀតណាម ដែលជាចំណែកមួយ ក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ទៀតផង៕/V-PC