ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថាៈ នាយកបច្ចេកទេស នៃសហព័ន្ធកីឡាជាតិនីមួយៗ គឺជាស្ពានដើម្បីផ្សារភ្ជាប់ការងារ រវាងសហព័ន្ធ ជាមួយ CAMSOC ដើម្បីជំរុញការងារ ឲ្យដំណើរការរលូន ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ខាងមុខ។

ការគូសបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំង ៣៨ ដែលត្រូវបានអនុម័តដាក់ក្នុងស៊ីហ្គេមលើកទី៣២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធទៅនឹងដំណើរការរៀបចំ ដែលសហព័ន្ធកីឡាជាតិនីមួយៗ មានតួនាទី ត្រូវរៀបចំការប្រកួត ដោយខ្លួនឯង។ហេតុនេះ សហព័ន្ធ ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ នូវរាល់កិច្ចការណាខ្លះ ដែលនៅសេសសល់ មិនទាន់ធ្វើ ឬមិនទាន់សម្រេច ដើម្បីជំរុញការងារទាំងអស់នេះ ឲ្យមានប្រសិទ្ធភាព។

លោកបានបន្ដថាៈ កិច្ចប្រជុំប្រចាំខែ ជាមួយសហព័ន្ធ គឺមានសារសំខាន់ណាស់ ដើម្បីបន្ស៉ីគ្នា រវាងមនោសញ្ចេតនា ក៏ដូចជារបៀបរបបធ្វើការងារជាមួយគ្នា។ ក្នុងរបៀបរបបការងារនេះយើងបានបញ្ជាក់ហើយ ធ្វើយ៉ាងណាឲ្យសហព័ន្ធជាតិ មានកិច្ចសហការល្អ ពិសេសសហព័ន្ធជាតិ ដែលត្រូវតែងតាំងមនុស្សធ្វើការជាមួយ CAMSOC ដែលហៅថា នាយកបច្ចេកទេស និងជំនួយការនាយកបច្ចេកទេស គឺត្រូវជាស្ពាន ដើម្បីធ្វើការភ្ជាប់ រវាងសហព័ន្ធកីឡាជាតិរបស់ខ្លួន ជាមួយ CAMSOC ឲ្យមានភាពរលូន ក្នុងការងាររបស់ខ្លួន។

ចំណែកបញ្ហាដែលយើងត្រូវដោះស្រាយ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យយល់ចិត្តគ្នា ឲ្យឯកភាពគ្នា ក្នុងជំនាញឲ្យច្បាស់លាស់ កុំឲ្យមានការអ្វី ដែលយើងមិនយល់គ្នា ហើយក្លាយទៅជាមានវិបត្តិ ដោយសារតែយើងមិនយល់គ្នា។ ប្រព័ន្ធការងារ របៀបរបបគ្រប់គ្រង របៀបរបបដឹកនាំ យើងបានចែករំលែកអស់ហើយ។ អ្វីដែលទាក់ទងទៅនឹងជំនាញ គឺយើងប្រគល់ជូនសហព័ន្ធជាតិ ជាអ្នកទទួលនូវបុព្វសិទ្ធិ ក្នុងការរៀបចំ មានន័យថា សហព័ន្ធជាតិ ជាអ្នកសម្រេចរាល់ការរៀបចំ កសាងសមត្ថភាពកីឡាករ-កីឡាការិនី និងការរៀបចំការប្រកួត ឲ្យទទួលបានជោគជ័យ ជាមួយសហព័ន្ធអន្ដរជាតិ។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន ក៏បានបង្ហាញនូវគំរូមេដាយមាស ក៏ដូចជាគំរូភ្លើងគប់ស៊ីហ្គេម ដើម្បីជាសក្ខីភាព ឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ដឹងថា អ្វីដែលថ្នាក់ដឹកនាំ កំពុងធ្វើក៏ដូចជា វត្ថុទាំងអស់នេះ គឺជាការលើកទឹកចិត្តមួយផ្នែកបន្ថែមទៀត ដល់កីឡាករ កីឡាការិនីហើយជាវត្ថុដែលរំលេចនូវគុណតម្លៃ នៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា ផងដែរ។

លោកក៏បានសង្កត់ធ្ងន់ថាៈ យើងចង់ឲ្យមានស្មារតីរួម និងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានជាធ្លុងមួយ កុំឲ្យមានការបែកបាក់គ្នា ក្នុងដំណើរការ នៃការរៀបចំស៊ីហ្គេម ព្រោះក្នុងស៊ីហ្គេមរបស់យើង ចាំបាច់យើងត្រូវការស្មារតីក្រុម បានន័យថា ការស្រុះស្រួលគ្នា ការជួយគ្នាទៅវិញទៅមក មិនមើលបំណាំគ្នា តែជួយគ្នាទៅវិញទៅមក។ អីចឹង យើងទាំងអស់គ្នា មានសហព័ន្ធកីឡាជាតិ បូកជាមួយ CAMSOC បូកជាមួយក្រសួងអប់រំ យុវជន និងកីឡា គឺមានភាពជាអ្នកដឹកនាំដូចគ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣៕/V-PC