​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​ថា មន្ទីរ​បញ្ច​កោណ​នឹង​បញ្ជូន​សព្វាវុធ​និង​ជំនួយ​ផ្សេង​ទៀត​មួយកញ្ចប់​ថ្មី​តម្លៃ ២៧៥​លាន​ដុល្លារ​​ដល់​អ៊ុយ​ក្រែន​ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​បណ្តេញ​កងកម្លាំង​រុស្ស៊ី​ចេញពី​តំបន់​សំខាន់ៗ​នៅ​ភាគខាងត្បូង ខណៈ​រដូវរងា​ជិត​ចូលមក​ដល់​។​

​ក្រុមមន្ត្រី​បាន​និយាយថា​មិន​មាន​អាវុធ​ថ្មី​សំខាន់ៗ​នៅក្នុង​កញ្ចប់​ជំនួយ​របស់​សហរដ្ឋ​អាម៉េរិក ដែល​រំពឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នោះទេ​។ ផ្ទុយទៅវិញ​ជំនួយ​របស់​អាម៉េរិក​គឺ​ភាគច្រើន​មាន​គោលបំណង​​បំពេញ​ស្តុក​គ្រាប់​យុទ្ធភណ្ឌ​រាប់​ពាន់​គ្រាប់​ឡើងវិញ​សម្រាប់​ប្រព័ន្ធ​សព្វាវុធ​ដែល​មាន​រួច​ហើយ​នៅ​ទីនោះ រួម​ទាំង​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​ខ្ពស់ ដែល​គេ​ស្គាល់​ថា HIMARS​ដែល​អ៊ុយ​ក្រែន​ប្រើ​​ប្រាស់​ដោយ​ជោគជ័យ​ក្នុង​ការវាយលុក​ប្រឆាំងនឹង​រុស្ស៊ី​។​

​ការផ្តល់​ជំនួយ​ថ្មី​នេះ​ធ្វើ​ឡើងខណៈ​ក្រុមមន្ត្រី​សហព័ន្ធ​បានបង្ហាញ​ជា​សាធារណៈ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អាម៉េរិ​ក​ដើម្បី​ធានា​ថា​អាវុធ​ដែល​បាន​ផ្ទេរ​ទៅ​អ៊ុយ​ក្រែ​ននឹង​មិន​ធ្លាក់​ក្នុង​ដៃ​របស់​ទាហា​ន​រុស្ស៊ី ក្រុម​តំណាង​របស់​ពួកគេ ឬ​ក្រុម​ជ្រុលនិយម​ផ្សេងទៀត​។ ផែនការ ដែល​បាន​ប្រកាស​ដោយ​ក្រសួងការបរទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កត់សម្គាល់​ថា​ការកត់ត្រា​ចំនួន​អាវុធ​គឺ​មាន​ការលំបាក​​ជាពិសេស​ក្នុង​អំឡុង​ពេល​សង្គ្រាម​សកម្ម​និង​នៅពេលដែល​មិន​មាន​វត្តមាន​អាម៉េរិក​នៅនឹងកន្លែង​។​

​មន្ត្រី​អាម៉េរិក​បាន​ប្រឈម​មុខ​នឹង​សំណួរ​ជា​បន្តបន្ទាប់​ពី​សមាជិក​សភា​មួយចំនួន​អំពី​របៀប​ដែល​រដ្ឋបាល​កំពុង​កត់​ត្រា​អាវុធ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដែល​បាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​កាលពី​ឆ្នាំមុន​ដោយ​របៀប​ណា​។ ប៉ុន្តែ​រដ្ឋបាលបៃដិ​ន​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការរៀបរាប់​លម្អិត​អំពី​ការងារ​របស់​ខ្លួន​អំពី​រឿង​នេះ​ដោយសារ​តែ​បារម្ភ​អំពី​ស្ថានភាព​នៃ​ជម្លោះ​និង​បារម្ភ​ថា​វា​អាច​នឹង​ផ្តល់​តម្រុយ​ដល់​ពួក​អ្នក​​រត់ពន្ធ​ជួញដូរ​ឱ្យដឹង​ពី​បច្ចេកទេស​គេចវេស​។​

​ក្រសួង​ការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដូច​នៅ​ក្នុង​រាល់​ជម្លោះ​ណាមួយ​ដែរ​យើង​នៅតែ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​លទ្ធភាព​ដែល​តួអង្គ​ឧក្រិដ្ឋជន​និង​មិនមែន​រដ្ឋ​អាច​ប៉ុន​​ប៉ង​ទទួលបាន​អាវុធ​ដោយ​ខុសច្បាប់​ពី​ប្រភព​នានា​ក្នុងប្រទេស​អ៊ុ​យក្រែន រួមទាំង​សមាជិក​នៃ​យោធា​រុស្ស៊ី​ក្នុងអំឡុងពេល​ឬ​បន្ទាប់​ពី​ជម្លោះ​”​។ ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​ក្រសួង​ពាណិជ្ជកម្ម សុទ្ធតែ​ចូលរួម​នៅក្នុង​ដំណើរការ​កត់ត្រា​គណនេយ្យ​នេះ​៕

ជំនួយ​របស់​អាម៉េរិក​គឺ​ភាគច្រើន​មាន​គោលបំណង​​បំពេញ​ស្តុក​គ្រាប់​យុទ្ធភណ្ឌ​រាប់​ពាន់​គ្រាប់​ឡើងវិញ​សម្រាប់​ប្រព័ន្ធ​សព្វាវុធ​ដែល​មាន​រួច​ហើយ​នៅ​ទីនោះ រួម​ទាំង​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​ខ្ពស់ ដែល​គេ​ស្គាល់​ថា HIMARS