ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ប្រមុខសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ចំនួន ៥ ចំណុច ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាកាយសម្ព័ន្ធ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសគឺ គោលដៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ នៅពហុកីឡ ដ្ឋានជាតិ នាល្ងាចថ្ងៃទី២៧ ខែតុលា លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថាៈ បើយើងគិតចាប់ពីពេលនេះ រហូតដល់ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេលតែ១៩០ ថ្ងៃតែប៉ុណ្ណោះ ដែលកម្ពុជា ត្រូវទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

ដើម្បីឱ្យវិស័យកីឡាកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើ ឆាកអន្តរជាតិ នាពេលដ៏ខ្លីខាងមុខ ជាពិសេសការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ លោកបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចជា ១. បណ្តុះបណ្តាលថ្នាក់ថ្នាល តាមកម្រិតអាយុ និងបង្កើនបរិមាណ គុណភាព កីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធ ឱ្យបានទូលំទូលាយ។២.ពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេស ឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។ ៣.ជំរុញឱ្យមានការរៀបចំការប្រកួត ឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ ៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង សហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍ និង ៥.ជំរុញឱ្យមាន ការចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិ ឱ្យបានច្រើន មុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថាៈ ការប្រកួតជើងឯកថ្នាក់ជាតិ និងពានប្រធានសហព័ន្ធឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនី ៦៤ នាក់ ចូលរួម មកពី ៥ ក្រសួង និងខេត្ត ដែលធ្វើការប្រកួត ពីថ្ងៃទី២២-២៧ ខែតុលា លើ ១៣ វិញ្ញាសា។

ជាលទ្ធផល ក្រុមកីឡាកាយសម្ព័ន្ធ មកពីក្លិបក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១០ គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ២), ខេត្ដក្រចេះ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១ គ្រឿង (មាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៣ ដណ្ដើមបាមមេដាយសរុប ១២ គ្រឿង (មាស ៣, ប្រាក់ ៧ និងសំរឹទ្ធ ២), ក្រសួងការពារជាតិ ឈរលេខ៤ ដណ្ដើមបានមេដាយសរុប ៥ គ្រឿង (មាស ១ និងសំរឹទ្ធ ៤) និងខេត្តតាកែវ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង៕/V-PC