​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​ថា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​គឺជា​ផ្នែក​មួយ​នៃ​ការតស៊ូ​ទូលំទូលាយ​របស់​រុស្ស៊ី​ប្រឆាំងនឹង​​ឧត្តមភាព​របស់លោក​ខាងលិច ហើយ​បាន​ព្រមាន​ថា​ពិភពលោក​ប្រហែលជា​ឈាន​ចូល​ទសវត្សរ៍ “​គ្រោះថ្នាក់​បំផុត​” ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ​។​

​មេដឹកនាំ​រុស្ស៊ី​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការដកថយ​ពី​ការឈ្លានពាន​នៅ​អ៊ុយ​ក្រែន​រយៈពេល​ប្រាំបី​ខែ​នោះ​ទេ​ហើយ​បាន​ពណ៌នា​ស្ថានភាព​បច្ចុប្បន្ន​ថា​ជា​ផ្នែក​នៃ​ការធ្លាក់ចុះ​នៃ​ឧត្តមភាព​របស់លោក​ខាង​​លិច​នៅ​ក្នុង​កិច្ចការ​ពិភពលោក​។​

​ការអត្ថាធិប្បាយ​របស់​លោកពូ​ទីន​អំពី​ស្ថានភាព​ពិភពលោក​នៅ​ឯ​កិច្ចប្រជុំ Valdai Discussion Club​ប្រចាំឆ្នាំ​ត្រូវ​បាន​ឆ្លើយ​តប​ដោយ​ប្រយោល​ដោយ​ការចេញផ្សាយ​យុទ្ធសាស្ត្រ​ការពារជាតិ​​ផ្លូវការ​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក ដែល​ក្នុងនោះ ក្រសួង​បានចាត់ទុក​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា​ជា “​ការគំរាមកំហែង​ធ្ងន់ធ្ងរ​” ចំពោះ​តម្លៃ​លោកខាងលិច​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន បាន​និយាយថា “​ជម្រើស​ធ្វើសង្គ្រាម​មិន​ប្រុងប្រយ័ត្ន​របស់​ពូ​ទីន​ប្រឆាំង​នឹង​អ៊ុយ​ក្រែនជា​ការគំរាមកំហែ​ង​ដ៏​អាក្រក់​បំផុត​ចំពោះ​សន្តិសុខ​អឺរ៉ុប​ចាប់​​តាំងពី​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ និង​វា​បានធ្វើឱ្យ​រឿង​នោះ​មើលឃើញ​យ៉ាងច្បាស់​សម្រាប់​ពិភពលោក​ទាំងមូល​”​។​

​វោហា​សាស្ត្រ​ដ៏​ព្រឺព្រួច​នេះ​បាន​កើតឡើង​ខណៈ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​របស់​អ៊ុ​យក្រែន ដោយ​គ្មាន​ភាគី​ណាមួយ​អះអាង​ពី​ប្រៀប​ឈ្នះ​ដ៏​សំខាន់​នោះ​ឡើយ​។​

​លោកពូ​ទីន​បាន​និយាយថា “​អំឡុង​ពេល​ប្រវត្តិសាស្ត្រ​នៃ​ឧត្តមភាព​មិនអាច​បំបែក​បាន​របស់​លោក​ខាងលិច​ក្នុង​កិច្ចការ​ពិភពលោក​កំពុង​ឈាន​ដល់​ទីបញ្ចប់​។​ពិភពលោក​ដែល​មាន​ប៉ូល​តែមួយ​​កំពុង​ក្លាយជា​រឿង​អតីតកាល​”​។​

​លោក​និយាយថា ខណៈ​លោកខាងលិច​នៅតែ​ព្យាយាម​គ្រប់គ្រង​មនុស្សជាតិ “​ទាំង​អស់សង្ឃឹម​” ពួកគេ​មិន​អាច​ធ្វើបាន​នោះទេ​។ លោក​បន្តថា “​មនុស្ស​ភាគច្រើន​នៃ​ពិភពលោក​លែង​ចង​ទ្រាំ​ជាមួយ​​លោកខាងលិច​ទៀតហើយ​”​។​

​លោក​បាន​និយាយថា ការ​វាយលុក​លើ​អ៊ុយ​ក្រែន​គឺ​គ្រាន់តែ​ជា​ផ្នែក​នៃ “​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​ទាំងមូល​”​។​

​លោក​បាន​បន្តថា “​រុស្ស៊ី​មិន​ប្រជែង​ជាមួយ​ឧត្តមភាព​របស់​លោក​ខាងលិច​ទេ រុស្ស៊ី​គ្រាន់តែ​ព្យាយាម​ការពារ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​រស់រាន​ប៉ុណ្ណោះ​”៕

ពូ​ទីន​និយាយថា អំឡុង​ពេល​ប្រវត្តិសាស្ត្រ​នៃ​ការ​គ្រប​សង្កត់​មិនអាច​បំបែក​បាន​របស់​លោក​ខាងលិច​ក្នុង​កិច្ចការ​ពិភពលោក​កំពុង​ឈាន​ដល់​ទីបញ្ចប់