ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៨ ខែតុលា២០២២នេះបានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”សេចក្តីព្រាងច្បាប់នេះផ្តល់អាទិភាពទី១ដល់ “មនុស្ស”ពិសេសលើសុខភាព ជីវភាព និង សមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។នេះបើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈ ដំបូងគឺ “សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពី“ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣”ដែលបានបង្ហោះលើផេកហ្វេសបុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យ ដឹងថាបរិការណ៍នៃការរៀបចំថវិកាឆ្នាំ ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលសេដ្ឋកិច្ចកម្ពុ ជាកំពុងងើបឡើងវិញក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការត្រួតពិនិត្យនិងវាយតម្លៃច្បាស់លាស់ដែលធ្វើឲ្យកម្ពុ ជាទទួលបាននូវវ៉ាក់សាំងទាន់ពេលនិងគ្រប់គ្រាន់ក្នុងដំណើរការចាក់ វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ប្រជាជនប្រកបដោយជោគជ័យតាម “អភិក្រមផ្ការីក”។

សេចក្តីព្រាងច្បាប់នេះបានបញ្ជាក់ថា៖ ឆ្នាំ ២០២៣ ជាឆ្នាំចុងក្រោយនៃការអនុវត្តវិធានការអន្តរាគមន៍ដែលត្រូវបានដាក់ចេញក្នុង“ក្របខ័ណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្ដារនិងជំរុញកំ ណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ ២០២១- ២០២៣ ក្នុងគោលបំណងស្ដារនិងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឲ្យរស់ រវើកនិងត្រឡប់ទៅគន្លងនៃកំណើនជាសក្ដានុពលប្រកបដោយចីរភាពនិងបរិយាបន្នក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកលកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។

សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”គឺជាថវិកាវិត្ថារកម្មចំគោលដៅដោយផ្តល់អាទិភាពទី១ដល់ “មនុស្ស”ពិសេសលើសុខភាពជីវភាពនិងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជា មួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឲ្យបានជាអតិបរមា នូវគោលដៅអភិវឌ្ឍន៍ សំខាន់ៗស្របតាមរបៀបវារៈគោ លនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣”។

ក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤ភាគរយទោះបីជារងផលប៉ះពាល់ពីវិបត្តសង្រ្គាមរុស្សី និង អ៊ុយក្រែនយ៉ាងណាក្តីដោ យសារតែតម្រូវការខាងក្រៅនិងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយឡែកសម្រាប់ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបាន អត្រាកំណើនក្នុងរង្វង់ ៦,៦ ភាគរយ។

ជារួមកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះនឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖

– វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២ភាគរយក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ២០២២ក្នុងត្រា ៩,០ ភា គរយដោយសារការរំពឹង ទុកការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរនិងកម្មន្តសាលមិនមែនកាត់ដេរខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាង និន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។

– វិស័យសេវាកកម្មត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣ភាគរយក្នុងឆ្នាំ២០២២ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋ កិច្ចក្នុងស្រុកជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។

– វិស័យកសិកម្មត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧ភាគរយ ក្នុងឆ្នាំ២០២២ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើ នល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។

ទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៥,៤ភាគរយ និង ៦,៦ភាគរយ រៀងយ៉ាងណា ក្តី,កម្ពុជាក៏នៅត្រូវបាន ហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ជាពិសេសបញ្ហាប្រឈមនិង/ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួនដែលអាចធ្វើឱ្យកំណើន ខាងលើនេះមិនសម្រេចបានតាមការគ្រោងទុកក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។

យុទ្ធសាស្រ្តនិងកម្មវិធី ស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣”ក្នុងគោ លបំណងស្ដារនិងពង្រឹង សក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើកនិងត្រឡប់ទៅកំណើនជាសក្ដានុពល ប្រកបដោយចីរភាព និងបរិយាបន្នចាប់ យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេច ឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ៕