​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បដិសេធ​ថា​មិន​មាន​ចេតនា​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែនទេ​ប៉ុន្តែ​បាន​ពណ៌នា​ជម្លោះ​នៅ​ទីនោះ​​ថា​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច​ដើម្បី​ទទួលបាន​ការត្រួតត្រា​ពិភពលោក ដែល​លោក​ថា​នឹង​ត្រូវ​បរាជ័យ​នៅ​ទី​បញ្ចប់​។​

​ថ្លែង​នៅក្នុង​ស​ន្និសិទ​នៃ​អ្នកជំនាញ​គោលនយោបាយ​ការបរទេស​អន្តរជាតិ លោកពូ​ទីន​បាន​និយាយថា វា​គ្មាន​ន័យ​ទេ​សម្រាប់​រុស្ស៊ី​ក្នុង​ការវាយប្រហារ​អ៊ុយ​ក្រែន​ដោយ​អាវុធ​នុយក្លេអ៊ែរ​។​លោក​ថា “​យើង​​ឃើញថា​មិន​ចាំបាច់​សម្រាប់​រឿង​នោះ​ទេ​។ វា​គ្មាន​ន័យ​អ្វី​ទេ​ទាំង​នយោបាយ​និង​យោធា​”​។​

​លោកពូ​ទីន​បាន​និយាយថា ការព្រមាន​ជា​មុន​អំពី​ការត្រៀមខ្លួន​របស់លោក​ក្នុង​ការប្រើប្រាស់ “​គ្រប់​មធ្យោបាយ​ដែល​មាន​ដើម្បី​ការពារ​រុស្ស៊ី​” មិនមែន​សំដៅលើ​អាវុធ​នុយក្លេអ៊ែរ​ដ៏​បំផ្លិចបំផ្លាញ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​លោកខាងលិច​អំពី​លទ្ធភាព​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

​លោក​និយាយ​នេះ​គឺ​សំដៅ​ជាពិសេស​លើ​លោក​ស្រី លី​ស ត្រាស (Liz Truss)​ដែល​និយាយ​កាលពី​ខែ​សីហា​ថា លោក​ស្រី​នឹង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការប្រើប្រាស់​អាវុ​ធ​នុយក្លេអ៊ែរ​ប្រសិន​បើ​លោក​​ស្រី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ជា​សម្តី ដែល​លោក​និយាយ​ថា​ធ្វើឱ្យ​វិមាន​ក្រឹម​ឡាំង​ព្រួយបារម្ភ​។​

​លោកពូ​ទីន​និយាយថា “​តើ​យើង​គួរ​គិត​យ៉ាងណា​? យើង​ឃើញ​រឿង​នេះ​ជា​ជំហរ​សម្របសម្រួល ជា​ការប៉ុនប៉ង​ដើម្បី​សម្លុត​ពួកយើង​”៕

​លោកពូ​ទីន​និយាយ​នៅក្នុង​ស​ន្និសិទ​នៃ​អ្នកជំនាញ​គោលនយោបាយ​ការបរទេស​អន្តរជាតិ