ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានភាពទឹកភ្លៀង លិចផ្លូវដល់កម្ពស់ជាងមួយម៉ែត្រ និង លិចលង់ផ្ទះ ដល់ជាង ៥០០ ខ្នង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់កម្រិតពី ៦០ ដល់ ១១៥ មីលីម៉ែត្រ នៅផ្ទៃរងទឹកភ្លៀង អូរដូនតា កាលពីថ្ងៃទី២៧ ខែតុលា នៅថ្ងៃនេះ ទឹកបានស្រកទៅវិញហើយ តែមិនទាន់ផុត ការលិចលង់ នៅឡើយទេ នៅកន្លងខ្លះ ។ ទោះបីជាយ៉ាងណា ស្ថានភាពភ្លៀង ពីពេលនេះ រហូតដល់ចុង សប្តាហ៍ទី១ នៃខែវិច្ឆិកា បានចុះខ្សោយវិញហើយ តែមិនទាន់អស់ភ្លៀងនៅឡើយទេ សម្រាប់រដូវវស្សា ឆ្នាំ២០២២ នេះ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ថាៈ ជំនន់ទឹកភ្លៀង ដែល កើតមានឡើង នៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន បណ្តាលឱ្យលិចផ្ទះ រហូតដល់ជាង ៥០០ ខ្នង និង លិចលើផ្លូវដល់កម្ពស់ ១,២ ម៉ែត្រ នៅកន្លែងខ្លះ ក្រោយពីមាន ភ្លៀងធ្លាក់ ដល់កម្រិតពី ៦០ ដល់ ១១៥ មីលីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀង អូរដូនតានោះ បានស្រកទៅវិញហើយ តែមិនទាន់ស្រកផុត ការលិចលង់នៅឡើយទេ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីថ្ងៃទី២៦ និង ២៧ ខែតុលា មានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ នៅតំបន់ផ្ទៃរងទឹកភ្លៀង អូរដូនតា មានបរិមាណដល់ កម្រិតពី ៦០ ដល់ ១១៥ មីលីម៉ែត្រ ធ្វើឱ្យមានការលិចលង់ខ្លាំង ដោយកន្លែងខ្លះ លិចជាងកន្លះម៉ែត្រ និងកន្លែងខ្លះ លិចរហូតដល់ ១,២ ម៉ែត្រ តែនៅព្រឹកថ្ងៃទី ២៨ ខែតុលា​ ដែលមានភ្លៀងធ្លាក់បន្ថែម ត្រឹមប្រមាណជា ១០ មីលីម៉ែត្រ ធ្វើឱ្យកន្លែងលិចរាក់ បានស្រកផុត ឯកន្លែងលិចជ្រៅ​ នៅសល់ជាងកន្លះម៉ែត្រ តែវាអាចនឹងស្រកអស់ទៅវិញ នៅល្ងាចថ្ងៃនេះ។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ស្ថានភាពភ្លៀងធ្លាក់ បានធូរស្រាលវិញហើយ បន្ទាប់ពីមានព្យុះទី២២ បានកើតឡើង ដោយមានកម្លាំងស្រូបខ្លាំង ខ្យល់ត្រជាក់ បានចាប់ផ្តើម ធ្លាក់ចុះ តែមិនមែនជាខ្យល់ មូសុងឦសាននោះទេ។ ស្ថានភាពភ្លៀងពីពេលនេះ រហូតដល់ចុង សប្តាហ៍ទី១ នៃខែវិច្ឆិកា មានតិចតួច តែភ្លៀងរដូវវស្សាមិនទាន់ អស់នៅឡើយទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែតុលា បានជូនដំណឹង ស្តីពីការព្យាករ ធាតុអាកាស សម្រាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ទ្រនុងសម្ពាធ ខ្ពស់ ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោម លើប្រទេសកម្ពុជា ប្រសព្វ ជាមួយនឹងសម្ពាធទាប រុញពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះ ខ្យល់បានប្តូរទិស ជាបណ្តើរៗ តែបណ្តាខេត្ត និងរាជធានី នៅផ្នែកខាងក្រោម អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅ មធ្យម ក្នុងនោះ ផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបនេះ ធ្វើឱ្យតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អអ្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អអ្សាសេ ។

សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅផ្នែកខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះ ផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អអ្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អអ្សាសេ និង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕/V-PC