​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​តុលា​បាន​បន្ទាប​ព្យាករណ៍​កំណើន​សេដ្ឋកិច្ចរ​បស់​អាស៊ី នៅពេល​ពិភពលោក​កាន់តែ​រឹតបន្តឹង​រូបិយវត្ថុ អតិផរណា​កើន​​ឡើង​ដោយសារ​សង្គ្រាម​នៅ​អ៊ុ​យក្រែន និង​ការរីកចំរើន​កាន់តែ​យឺត​ទៅ​នៃ​សេដ្ឋកិច្ច​ចិន ដែល​វា​បាន​ធ្វើអោយ​ស្រអាប់​លទធភាព​រើប​រើ​របស់​តំបន់​។​

IMF​បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ស្តីពីទ​ស្សន​វិស័យសេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ខ្លួន​ថា ខណៈ​អតិផរណា​របស់​អាស៊ី​នៅ​ទាប​បើ​ធៀប​នឹង​តំបន់​ផ្សេង ធនាគារ​កណ្តាល​ភាគច្រើន​ត្រូវ​​តែ​បន្ត​ដំ​ឡើ​ង​អត្រា​កា​ប្រាក់​ដើម្បី​ទប់លំហូរសាច់ប្រាក់ច្រើនហួសនិងធានាបាន​កំរិត​អតិផរណា​តាម​ការរំពឹងទុក ។​

​គ្រី​ស្នា ស្រ៊ី​នី​វ៉ា​សាន់​(Krishna Srinivasan)​ប្រធាន​នាយកដ្ឋាន​អាស៊ី​និង​ប៉ាស៊ីហ្វិក​របស់​IMF​បាន​និយាយថា​« ការ​ស្ទុះ​ងើប​ឡើងវិញ​ដ៏​ខ្លាំង​នៃ​សេដ្ឋកិច្ច​អាស៊ី​កាលពី​ដើមឆ្នាំ​កំពុង​បាត់បង់​ស​ម្ទុះ ជា​​មួយ​នឹង​កំណើន​យឺត​ជាង​ការរំពឹង​ទុក​នៅ​ត្រីមាស​ទី​ពីរ​។​វាទាមទារការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​បន្ថែមដើម្បីធានា​ថា អតិផរណា​នឹង​វិល​ទៅ​រក​គោលដៅ​កំណត់​និង​ការរំពឹង​ទុក​»​។​

IMF​កាត់បន្ថយ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​អាស៊ី​មក​នៅត្រឹម​៤​ភាគរយ​សំរាប់​ឆ្នាំ​នេះ ​និង​៤,៣​ភាគរយ​សំរាប់​ឆ្នាំក្រោយ ដោយ​ចុះ​ពី​ការព្យាករណ៍​កាលពី​ខែ​មេសា ០,៩​ភាគរយ​និង​០,៨​ភាគរយ​រៀងៗ​ខ្លួន​។​ការ​​ថយ​ចុះ​នេះ​កើត​ឡើង​បន្ទាប់ពី​សេដ្ឋកិច្ច​តំបន់​នេះ​មាន​កំណើនខ្លាំង ​៦,៥​ភាគរយ​នៅ​ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​និយាយថា​«​នៅពេល​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង​ថយចុះ តំបន់​ប្រឈម​បញ្ហា​ថ្មីចេញ​មក​ពី​ការ​រឹតបន្តឹង​ហិរញ្ញវត្ថុ​សកល​និង​ការធ្លាក់ចុះ​សេចក្តីត្រូវការ​មកពី​ខាងក្រៅ​»​។​

​ក្នុងចំណោម​បញ្ហា​ឈឺ​ក្បាល​ធំ​បំផុត​គឺ​ការថយចុះ​កំណើនសេដ្ឋកិច្ច​ចិន​យ៉ាង​ឆាប់រហ័ស​ដែល​ត្រូវ​បាន​គេបន្ទោស​លើ​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​និង​បញ្ហា​វិស័យ​អចលនទ្រព្យ​កាន់តែ​អាក្រក់​ទៅ​របស់​ប្រទេស​មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ​នេះ​។​

​របាយការណ៍​បាន​និយាយទៀតថា «​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​កាន់តែច្រើន​មិន​មាន​លទ្ធភាព​សងបំណុល​នៅ​មួយឆ្នាំ​មកនេះ លទ្ធភាព​ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​វិស័យ​អចលនទ្រព្យ​និង​សំណង់​​របស់​ចិន​ក៏កាន់តែ​ជួប​ការលំបាក​។​ហានិភ័យ​ចំពោះ​ប្រព័ន្ធ​ធនាគារ​ចេញ​ពី​វិស័យ​អចលនទ្រព្យ​កំពុង​កើនឡើង​…»​។​

IMF​រំពឹង​ថា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​សំរេច​បាន​ត្រឹមតែ​៣,២​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​ចុះ​១,២​ភាគរយ​ពី​ការព្យាករណ៍​កាលពី​ខែ​មេសា ក្រោយ​ប្រទេស​មហាអំណាច​នេះ​មាន​កំណើន​ដល់​ទៅ​៨,១​ភាគរយ​​នៅ​ឆ្នាំ​២០២១​។​ប្រទេស​នេះ​ត្រូវតំ​ពឹង​ថា​នឹង​ទទួល​បាន​កំណើន​៤,៤​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​និង​៤,៥​ភាគរយ​នៅ​ឆ្នាំ​២០២៤ ។

​ការថយចុះ​សេដ្ឋកិច្ច​ចិន​ត្រូវ​រំពឹងថា​នឹង​ទាញ​កំណើនសេដ្ឋកិច្ច​នៅ​ទូទាំង​អាស៊ី​រហូត​ដល់​ដាច់​ឆ្នាំ​។​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ​នេះ​ក៏​មិន​ភ្លឺ​នៅ​ពេល​ប្រទេស​ជាច្រើន​ប្រឈម​ការចំណាយ​លើ​ការរស់នៅ​​ខ្ពស់​ឡើង ស្ថានភាព​ហិរញ្ញវត្ថុ​កាន់តែ​ពិបាក​និង​កំណើន​នៃ​ភាពមិនប្រាកដប្រជា​ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​។​

IMF​បាន​បន្ថែមថា​«​នៅ​ពេល​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​នៅ​អាស៊ី​ត្រូវ​បង្ខំ​បង្កើន​អត្រា​កា​ប្រាក់​ដើម្បី​ជៀសវាង​លំហូរ​ទុន​លឿន ការប្រើ​អន្តរាគមន៍​លើ​ការដោះដូរ​ប្រាក់​អាច​ជួយ​សម្រាល​បន្ទុក​​គោលនយោបាយ​រូបិយវត្ថុ​នៅក្នុង​ប្រទេស​ខ្លះ​..»៕

​ការថយចុះ​សេដ្ឋកិច្ច​ចិន​ត្រូវ​រំពឹងថា​នឹង​ទាញ​កំណើនសេដ្ឋកិច្ច​នៅ​ទូទាំង​អាស៊ី​រហូត​ដល់​ដាច់​ឆ្នាំ​