ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អេស​ស៊ីជី​(SCG)​បាន​ចូលរួម​ជាមួយ​បណ្ដា​ស្ថាប័ន​ជាច្រើន​ទៀត​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី ប្រកួត​ជំនាញ​ថ្នាក់ជាតិ​លើក​ទី​៨ របស់​កម្ពុជា ដែល​រៀបចំឡើង​នៅ​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ។​កម្មវិធី​ប្រកួត ជំនាញ​ថ្នាក់ជាតិ​លើក​ទី​៨​នេះ​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី ២៤ ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី ២៨ តុលា ដែលមាន​រយៈពេល​ប្រាំ​ថ្ងៃ​ជាប់​គ្នា ។​

អេស​ស៊ីជី​មាន​មោទនភាព​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​ជំនាញ​ថ្នាក់ជាតិ​របស់កម្ពុជា(រូបថតក្រុមហ៊ុន)​

កម្មវិធី​ប្រកួត​ជំនាញ​ថ្នាក់ជាតិ ត្រូវ​បានរៀបចំ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ហើយ​ការប្រកួត​ក្នុងឆ្នាំនេះ មានការ​ចូលរួម​ពី​បេក្ខជន​ចំនួន ៦១ រូប ដើម្បី​ប្រជែង​យក​តំណែង​ជើងឯក​។
​បេក្ខជន​ទាំងអស់នោះ មកពី​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ចំនួន ១៣ ដែល​ផ្ដល់​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា ដែល​ក្នុងនោះ​រួមមាន វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ អង្គការ PSE សាលា​ដុន​បូ​ស្កូ និង​គ្រឹះស្ថាន​ផ្សេងទៀត ។កម្មវិធី​ប្រកួត​នេះ ផ្ដោតលើ​មុខជំនាញ​ជាច្រើន​រួមមាន ជំនាញ​ត​បណ្ដាញ​អគ្គិសនី ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច ជំនាញ​រៀប​ឥដ្ឋ និង​ជំនាញ​រៀប​ការ៉ូ​ជាដើម​។

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​នោះ លោក​បណ្ឌិត​ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានប្រសាសន៍ថា​៖ “​គោលបំណង​នៃ​ការរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ជំនាញ នេះ គឺ​ដើម្បី​ផ្ដល់នូវ​វេទិកា​មួយ សម្រាប់​យុវជន សិស្ស​-​និស្សិត គ្រូបង្រៀន ទីផ្សារការងារ ឧស្សាហកម្ម ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើន​ទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ ការផ្លាស់ប្ដូរ​ជំនាញ និង​លើកកម្ពស់​ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា​”​។​

​ក្រុមហ៊ុន អេស​ស៊ីជី បាន​ឲ្យ​ដឹងថា ការឧបត្ថម្ភ​ដល់​កម្មវិធី​ប្រកួតប្រជែង​បែបនេះ គឺមាន​គោលបំណង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់ កម្លាំង​ពលកម្ម​របស់​ប្រទេស កម្ពុជា​ឲ្យ​កាន់​តែមាន​ជំនាញ និង​ផលិតភាព​ខ្លាំង​ជាង​មុន ហើយ​ទៅ​ថ្ងៃ​អនាគត ពួកគេ​នឹង​អាចជួយ​ជំរុញ​ផលិតភាព​របស់​ក្រុមហ៊ុន​បាន នៅពេលដែល​កម្លាំង​ពលកម្ម​ជំនាញ​ទាំងនោះ​ចូលរួម​ធ្វើការ​បម្រើ​ឲ្យ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​

អេស​ស៊ីជី​មាន​មោទនភាព​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​ជំនាញ​ថ្នាក់ជាតិ​របស់កម្ពុជា(រូបថតក្រុមហ៊ុន)​

​ក្នុង​កម្មវិធី​ប្រកួត​ជំនាញ​ថ្នាក់ជាតិ​នេះ បេក្ខជន​ដែល​ឈ្នះ​បាន​មេដាយមាស​នឹង​ទទួលបាន​រង្វាន់​លើក​ទឹក​ចិ​ត្ជា​ទឹកប្រាក់ ៣ លាន​រៀន មេដាយប្រាក់​ទទួលបាន ២ លាន​រៀន និង​មេដាយសំរឹទ្ធ​ទទួលបានមួយលាន​រៀល ។ បេក្ខជន​ជ័យលាភី ក៏មាន​ឱកាស​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​នៅ​ថ្នាក់​តំបន់ និង​សកលលោក​ផងដែរ ។

​លោកបណ្ឌិត​ពេ​ជ សោភ័ន មានប្រសាសន៍ថា កន្លងមក​កម្ពុជា​ធ្លាប់បាន​ចូលរួម​នៅក្នុង​ការប្រកួត​ជំនាញ​នៅ​ថ្នាក់​អាស៊ាន​ជាច្រើនលើក​មកហើយ ហើយក៏​បានឈ្នះ​មេដាយ​សម្រាប់​ប្រទេសជាតិ​ផងដែរ​។ ឯកឧត្តម បណ្ឌិត បាន​បន្តថា ក្នុង​ឆ្នាំ ២០១៥ កម្ពុជា​ក៏បាន​ចូលរួម​ក្នុងការ​ប្រកួត​ជំនាញ​នៅក្នុង​ប្រទេស​ចិន​ដោយ​បានឈ្នះ​មេដាយមាស​សម្រាប់​វិញ្ញាសារ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ថែម​ទៀតផង​៕​NT