​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឪពុក​ម្នាក់​នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​គាត់​បាន​ស៊ី​ក្តាម​រស់​មួយ​ក្បាល​ដើម្បី​សងសឹក បន្ទាប់​ពី​វា​កៀប​កូនស្រី​របស់​គាត់​។​

​ឪពុក ដែល​គេ​ស្គាល់​ឈ្មោះ​ថា លូ (Lu) អាយុ ៣៩ ឆ្នាំ​បាន​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់​ពី​កូនស្រី​របស់​គាត់​ត្រូវបាន​ក្តាម​តូច​មួយ​កៀប ខណៈ​ពួកគេ​កំពុង​អង្គុយ​នៅ​មាត់​ស្ទឹង​មួយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក​លូ​មកពី​ខេត្ត​ឆ្នេរ​ភាគ​ខាងកើត ចឺ​ជាំង ក្នុង​ប្រទេស​ចិន បាន​សម្រេចចិត្ត​សងសឹក​ដោយ​ស៊ី​ក្តាម​ទាំង​រស់​។​ប៉ុន្តែ​ពីរ​ខែ​ក្រោយ​មក លោក​លូ​ត្រូវបាន​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ដោយសារ​ឈឺពោះ​និង​ខ្នង​ធ្ងន់ធ្ងរ ហើយ​គាត់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ទាក់ទង​ការរំលាយ​អាហារ​ដ៏​កម្រ ហៅថា Eosinophilic Gastroenteritis ។​

​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បាន​ធ្វើតេស្តិ៍​បន្ថែមទៀត ហើយ​បាន​រកឃើញថា លោក​លូ​មាន​ការផ្លាស់ប្តូរ​រោគសាស្ត្រ​នៅក្នុង​ទ្រូង ពោះ ថ្លើម និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់គាត់​។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​មូលហេតុ​ដែល​បណ្តាលឱ្យមាន​ជំងឺ​បែបនេះ​។​

​លោក​ស្រីវេជ្ជបណ្ឌិត ខៅ ឈាន (Cao Qian) នាយក​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ Sir Run Run Shaw ក្នុង​ទីក្រុង​ហាង​ចូ​វ បាន​ប្រាប់​ទូរទស្សន៍ Zhejiang ថា “​យើង​បាន​សួរ​គាត់​ម្តង​ហើយ​ម្តងទៀត​ថា​តើ​គាត់​ធ្លាប់បាន​ញ៉ាំ​អាហារ​ឬ​របស់​អ្វី​ដែល​មិនធម្មតា​អាច​បង្ក​ឱ្យមាន​អាឡែ​ស៊ី​ដែរឬទេ​។ គាត់​និយាយថា​មិន​ដែល​នោះ​ទេ​”​។​

លោកស្រី​វេជ្ជបណ្ឌិត ខៅ ឈាន 

​ទាល់តែ​ប្រពន្ធ​របស់​លោក​លូ​ចងចាំ​ពី​របៀប​ដែល​លោក​លូ​ស៊ី​ក្តាម​រស់​កាលពី​ពីរ​ខែ​មុន ទើប​គ្រូពេទ្យ​បាន​រកឃើញ​មូលហេតុ​នៃ​ជំងឺ​នេះ​។​

​លោក​លូ​បាន​សារភាព​ចំពោះ​គ្រូពេទ្យ​ថា​គាត់​បាន​ស៊ី “​របស់​ពិសេស​មួយ​”​។​

​វេជ្ជបណ្ឌិត​ខៅ ឈាន បាន​និយាយថា “​ខ្ញុំ​បាន​សួរ​គាត់​ថា ហេតុអ្វី​បានជា​អ្នក​ហូប​ក្តាម​រស់​?”​។​

​លោក​វេជ្ជបណ្ឌិត ខៅ ឈាន បាន​និយាយ​បន្ថែមថា «​គាត់​និយាយថា “​ខ្ញុំ​ចង់​សងសឹក​ឱ្យ​កូនស្រី​ខ្ញុំ នៅពេលដែល​យើង​កំពុង​នៅ​មាត់​ស្ទឹង​មួយ កូនស្រី​របស់​ខ្ញុំ​ត្រូវ​បាន​ក្តាម​តូច​មួយ​កៀប ដូច្នេះ​ខ្ញុំ​ខឹង ហើយក៏​យក​ក្តាម​ដាក់ចូល​ក្នុង​មាត់​ដើម្បី​សងសឹក​”​។​

​ការ​ធ្វើតេស្តិ៍​ឈាម​ជា​បន្តបន្ទាប់​បានបង្ហា​ញ​ថា លោក​លូ​បាន​ឆ្លង​មេរោគ​ប៉ារ៉ាស៊ីត​យ៉ាងតិច​បី បន្ទាប់ពី​គាត់​ស៊ី​ក្តាម​ទាំង​រស់​។ គាត់​បាន​ជា​សះស្បើយ​ហើយ ប៉ុន្តែ​នៅ​ត្រូវ​ពិនិត្យ​តាមដាន​បន្ត​ទៀត​៕

​ការ​ស៊ី​ក្តាមរ​ស់​ជា​មូលហេតុ​ធ្វើ​ឱ្យ​លោក​លូ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​