ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អេសស៊ីជី (SCG) បានចូលរួមជាមួយ បណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រ កម្មវិធីប្រកួតជំនាញថ្នាក់ជាតិ លើកទី៨ របស់កម្ពុជា ដែលរៀបចំឡើង នៅសួនអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ ដែលមានទីតាំង ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ។ កម្មវិធីប្រកួតជំនាញ ថ្នាក់ជាតិលើកទី៨នេះ បានចាប់ផ្ដើម កាលពីថ្ងៃទី២៤ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា ដែលមានរយៈពេល ប្រាំថ្ងៃជាប់គ្នា។

កម្មវិធីប្រកួតជំនាញថ្នាក់ជាតិ ត្រូវបានរៀបចំរៀងរាល់ ពីរឆ្នាំម្ដង ហើយការប្រកួត ក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជន ចំនួន ៦១ រូប ដើម្បីប្រជែងយកតំណែងជើងឯក។ បេក្ខជនទាំង អស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ និងគ្រឹះស្ថានផ្សេងទៀត ។ កម្មវិធីប្រកួតនេះ ផ្ដោតលើមុខ ជំនាញជាច្រើន រួមមាន ជំនាញតបណ្ដាញអគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជំនាញរៀបឥដ្ឋ និងជំនាញរៀបការ៉ូជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកនោះ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាៈ “ គោលបំណងនៃការរៀបចំ ឲ្យមានការប្រកួតប្រជែងជំនាញនេះ គឺដើម្បីផ្ដល់នូវវេទិកាមួយ សម្រាប់យុវជន សិស្ស-និស្សិត គ្រូបង្រៀន ទីផ្សារការងារ ឧស្សាហកម្ម ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ ការផ្លាស់ប្ដូរជំនាញ និងលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា”។

ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថាៈ ការឧបត្ថម្ភដល់កម្មវិធីប្រកួតប្រជែងបែបនេះ គឺមានគោល បំណង ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជំនាញរបស់កម្លាំងពលកម្ម របស់ប្រទេស កម្ពុជា ឲ្យកាន់តែមានជំនាញ និងផលិតភាពខ្លាំងជាងមុន ហើយទៅថ្ងៃអនាគត ពួកគេនឹងអាច ជួយជំរុញផលិតភាពរបស់ក្រុមហ៊ុនបាន នៅពេលដែលកម្លាំងពលកម្មជំនាញទាំងនោះ ចូលរួមធ្វើការបម្រើឲ្យសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។

ក្នុងកម្មវិធីប្រកួតជំនាញថ្នាក់ជាតិនេះ បេក្ខជនដែលឈ្នះបានមេដាយមាស នឹងទទួលបាន រង្វាន់លើកទឹកចិត្ត ជាទឹកប្រាក់ ៣ លានរៀល មេដាយប្រាក់ទទួលបាន ២ លានរៀល និងមេដាយសំរិទ្ធ ទទួលបាន ១ លានរៀល ។ បេក្ខជនជ័យលាភី ក៏មានឱកាសទៅចូលរួម ប្រកួតប្រជែងជំនាញ នៅថ្នាក់តំបន់ និងសកលលោក ផងដែរ។

លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថាៈ កន្លងមក កម្ពុជា ធ្លាប់បានចូលរួម នៅក្នុងការប្រកួតជំនាញ នៅថ្នាក់តំបន់អាស៊ាន ជាច្រើនលើកមកហើយ ហើយក៏បានឈ្នះ មេដាយ សម្រាប់ប្រទេសជាតិផងដែរ។ លោកបណ្ឌិត បានបន្តថាៈ ក្នុងឆ្នាំ២០១៥ កម្ពុជាក៏ បានចូលរួម ក្នុងការប្រកួតជំនាញ នៅក្នុងប្រទេសចិន ដោយបានឈ្នះមេដាយមាស សម្រាប់វិញ្ញាសា ម៉ាស៊ីនស្វ័យប្រវត្តិកម្ម ថែមទៀតផង៕/V-PC