ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយបានដាក់ចេញនូវវិធានការ ដើម្បីធានាដល់ ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ ក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ។

ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថាៈ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ បានចំនួន ១២.៣៣៦.២៣៥ នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១.៦៧០.៨៦២ នាក់។ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានរក្សាទុក ក្នុងប្រព័ន្ធម៉ាស៊ីនមេ គ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃ បានរកឃើញថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព ១០ ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ ជាបន្តបន្ទាប់ ចាប់ពី ខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលបានផ្ដល់ ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាព ត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ១.៧០០.០០០ សន្លឹក។

ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានា ជូនប្រជាពលរដ្ឋ ពិសេស ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ សូមដាក់ចេញនូវ វិធានការអនុវត្ត ដូចខាងក្រោម៖

១. ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេ គ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះ ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ បញ្ជីនេះ ត្រូវផ្តល់ជូនមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះ មកបំពេញ បែបបទ ថតរូប និងផ្តិតស្នាមក្រយ៉ៅដៃ ទទួលយកអត្តសញ្ញាណប័ណ្ណថ្មី ឱ្យបានទាន់ពេលវេលា។

២. ចំពោះប្រជាពលរដ្ឋ ដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួន ត្រូវធ្វើសេចក្តីរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច និងត្រូវទំនាក់ទំនង មកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

៣. ចំពោះប្រជាពលរដ្ឋ ដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញ សាមីខ្លួន ទំនាក់ទំនងមក អាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

៤. បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋាន រដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំ គណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្ត យុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ ខែតុលា ឆ្នាំ២០២៣។

ដើម្បីធានាអនុវត្តការងារ ខាងលើនេះ ឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមុនផុត សុពលភាព រយៈពេល ៩០ថ្ងៃ ប្រជាពលរដ្ឋ បានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៨ឆ្នាំ នៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមផ្តល់កិច្ចសហការគាំទ្រ និងចូលរួមជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវទំនាក់ទំនង ជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីមកបំពេញបែបបទ ប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ច្រកចេញចូលតែមួយ នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅផ្សារទំនើបស៊ីអនម៉ល ២ សែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ អាចទំនាក់ទំនងសាកសួរព័ត៌មាននានា ពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕ V / N