​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារាចំរៀង​ស្បែក​ខ្មៅ​អាម៉េរិក​លោក កេន​យ៉េ វេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​ថា គាត់​បាន​ខាតបង់​ពីរ​ពាន់​លាន​ដុល្លារ​ក្នុងពេល​តែ​មួយ​ថ្ងៃ​ខណៈ​​ដៃគូ​អាជីវកម្ម​បាន​សម្រុក​ទាត់​ចោល​រូបលោក បន្ទាប់​ពី​ការនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ប្រឆាំងនឹង​ជនជាតិជ្វី​ហ្វ​។​

​សេដ្ឋី​តន្ត្រី​និង​ម៉ូត​សម្លៀក​បំពាក់​រូបនេះ​បានឃើញ​ចំណង​ពាណិជ្ជកម្ម​ដែល​រក​កម្រៃ​ក្រាស់ក្រែល​ថយចុះ ខណៈ​ក្រុមហ៊ុន​នានា​រួមទាំង Adidas និង Gap​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សម្តី​ដែល​​ក្រុម​សកម្មជន​ហៅថា​ជា​ពាក្យ​សម្អប់​ជាតិ​សាសន៍​។​

​លោក​វេស ដែល​គេ​ស្គាល់​ដែរ​ថា យ៉េ (Ye)​បាន​សរសេរ​នៅលើ Instagram នៅក្នុង​សារ​បង្ហោះ​មួយ​ដែល​ទទួល​បាន​ការ​ចុច Like ជាង​មួយ​លាន ថា​”​ខ្ញុំ​បាន​ខាតបង់​ពីរ​ពាន់​លាន​ដុល្លារ​ក្នុងពេល​តែ​​មួយថ្ងៃ​។ ហើយ​ខ្ញុំ​នៅ​តែ​នៅ​មាន​ជីវិត​”​។​

​សារ​នោះ​សរសេរថា “​ខ្ញុំ​នៅតែ​ស្រឡាញ់​អ្នក ព្រះ​នៅតែ​ស្រឡាញ់​អ្នក លុយ​មិន​តំណាង​អ្វី​ជា​ខ្ញុំ​នោះទេ​។ ខ្ញុំ​គឺ​ជា​ខ្ញុំ​”​។ សារ​នេះ​ទំនង​ចង់​សំដៅលើ​លោក អេ​ម៉ា​នូអែល អា​រី (Emanuel Ari)​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​កម្សាន្ត Endeavor ដែល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​កាត់ផ្តាច់​ចំណងទាក់ទង​ជាមួ​យកេន​យ៉េ វេស​។​

​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​ដ៏​ធំ​របស់​អាល្លឺម៉ង់ Adidas បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បញ្ចប់​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​លោក​វេស បន្ទាប់​ពី​ការបញ្ចេញមតិ “​មិន​អាច​ទទួលយកបាន ពោរពេញ​ដោយ​សម្អប់ និង​គ្រោះថ្នាក់​” របស់គាត់​។​

Adidas ក៏​និយាយ​ដែរ​ថា ខ្លួន​នឹង​បញ្ចប់​ការផលិត​ស្បែកជើង​ជោគជ័យ​ខ្ពស់ “Yeezy” ដែល​រចនា​រួមគ្នា​ជាមួយ​លោក​វេស និង “​បញ្ឈប់​ការបង់ប្រាក់​ទាំង​អស់​ដល់​យ៉េ និង​ក្រុមហ៊ុន​របស់គាត់​”​។​

​ចំណាត់ការ​នេះ​ត្រូវ​គេ​រំពឹងថា​ធ្វើ​ឱ្យ​ខាតបង់​មួយ​ភាគ​បួន​នៃ​ចំណូល​១​ពាន់​លាន​ដុល្លារ​ពី​ស្បែកជើង​របស់ Adidas ក្នុងឆ្នាំនេះ​តែឯង​៕

​កេន​យ៉េ វេស ខាត​២​ពាន់​លាន​ដុល្លារ​ក្នុងពេល​តែ​មួយ​ថ្ងៃ ដោយសារ​ក្រុមហ៊ុន​ដៃគូ​ដកខ្លួន​ចេញ