ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានព្រមានថាៈ ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង បើទុកដាក់សំរាម មិនបានល្អ និង បញ្ចេញសំរាម មិនត្រូវតាមម៉ោងពេល នឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យទីក្រុងយើង ជាទីក្រុងស្អាត បរិស្ថានល្អ ស្របតាមពាក្យស្លោក “ ជោគជ័យទីក្រុងស្អាត ជោគជ័យ ទេសចរណ៍” ។

ការព្រមានបែបនេះរបស់លោក ហួត ហៃ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ ខណៈលោកអញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ការគិតគូរឡើងវិញ ពីទេសចរណ៍” (RETHINKING TOURISM) អមជាមួយ “ទិវាពិភពលោក ស្អាត (World Clean up 2022)” ដែលបានរៀបចំឡើង ដោយអង្គការសំអាតទន្លេ សមុទ្រ នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ ដោយមានការចូលរួមពី មន្រ្តីរាជការ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់រយនាក់។

លោក ហួត ហៃ បានលើកឡើងថាៈ ពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានល្អ និងបញ្ចេញសំរាមមកក្រៅផ្ទះ ចាប់ពីម៉ោង ៦ ល្ងាច រហូតដល់ម៉ោង ៩ យប់ បើមិនត្រូវតាមម៉ោងពេលនេះទេ នឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច មិនខានឡើយ។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់សំរាមនេះ បើមិនមានការចូលរួម ពីប្រជាពលរដ្ឋទេ ទីក្រុងរបស់យើង មិនអាចស្អាតទៅរួចនោះទេ។

លោក ហួត ហៃ បានបន្តទៀតថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់ សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាល ឱ្យមានគុណភាព ការកែលម្អអនាម័យ បរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួម ទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ។ល។ ទាំងនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ និងជំហរដ៏មោះមុតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់គិតគូរ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន សុខុមាលភាពទីក្រុង និងការទាក់ទាញភ្ញៀវទេសចរជាតិ -អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើន ស្នាក់នៅរយៈពេលវែង ប្រកបដោយភាពរីករាយ និងសុខដុមរមនា ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍” ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២នេះ គឺប្រារព្ធឡើង ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ (RETHINKING TOURISM) គឺបង្ហាញពីនិន្នាការពិភពលោក ក្នុងការរួមគ្នា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយពីវិស័យទេសចរណ៍ នៅលើពិភពលោកទាំងមូល បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារ ជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជាដើម។ វិបត្តិទាំងអស់នេះ គឺបានធ្វើឱ្យវិស័យ ទេសចរណ៍កម្រិតជាតិ និងតំបន់ ធ្លាក់ចុះយ៉ាងខ្លាំង។

តាមរយៈបញ្ហា ដែលកើតមាននេះ អង្គការទេសចរណ៍ពិភពលោក បានដកស្រង់បទពិសោធន៍ ដើម្បីទុកជាមេរៀន សម្រាប់បង្ការដល់បញ្ហាប្រឈមនានា ដែលអាចកើតមាន នាពេល អនាគត និងរៀបចំជាផែនការ ស្ដារវិស័យទេសចរណ៍ ឡើងវិញផងដែរ។

ការបើកទទួលភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩ នេះ គឺដោយមានការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាមួយនឹងការអនុវត្តដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដ-១៩ ជាអតិបរមា។

ជាក់ស្ដែង រាជធានីភ្នំពេញ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២នេះ គឺទទួលបានកំណើនទេសចរ អន្តរជាតិចំនួនជាង ៥០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ នេះគឺបានស បញ្ជាក់យ៉ាងច្បាស់ អំពីលទ្ធផល នៃការដាក់ចេញវិធានការអន្តរាគមន៍ និងវិធានការនានា ជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ។

បន្ថែមពីលើការ ជោគជ័យក្នុងការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ន បានបន្តយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់លើការគ្រប់គ្រងសំណល់រឹងក្នុងរាជធានី ភ្នំពេញ ឱ្យបានកាន់តែប្រសើរជាងមុន ដោយបានជ្រើសរើសក្រុមហ៊ុន ប្រមូលសំរាមចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្ន ក្រុមហ៊ុនទាំង ៣ នេះ បានអនុវត្តតួនាទីភារកិច្ច បានយ៉ាងល្អ ធ្វើឱ្យរាជធានីភ្នំពេញ ស្រស់ស្អាតជាងមុន សម្រាប់បម្រើឱ្យភ្ញៀវទេសចរទាំងអស់៕ V / N