ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូ រៀបចំពិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានជួយឱ្យយុវជន អាចត្រៀមខ្លួន ក៏ដូចជា រកទីផ្សារការងារ មានភាពងាយ ស្រួលឡើង ហើយតាមរយៈពិព័រណ៍ការងារនេះដែរ គេរំពឹងថា យុវជនអាចដាក់ពាក្យ រកការងារ និងសម្ភាសន៍ផ្ទាល់ នៅនឹងកន្លែងពិព័រណ៍ ប្រមាណ ៣ ម៉ឺននាក់ ផងដែរ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ នេះ លោក ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការ ជាតិ បណ្តុះបណ្ដាល បានបញ្ជាក់ថាៈ ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើង ដោយជួបជុំគ្នាផ្ទាល់ ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អ ប្រសើរ នូវស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារ ចាប់ផ្តើមមាន ដំណើរការ វិលទៅរកប្រក្រតីភាព ជាធម្មតា ដោយបានបង្ហាញពីសន្ទុះ នៃការបើកឱកាស ការងារថ្មីៗ ជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងារ របស់យុវជន មានការកើនឡើង យ៉ាងសកម្ម។

លោកបានបញ្ជាក់បន្ថែមថាៈ ក្នុងព្រឹត្តិការណ៍ដ៏ធំនៃ “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២” ដែលបានរៀបចំ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ នេះ បានប្រមូលផ្តុំ និយោជកធំៗ គ្រប់វិស័យប្រមាណ១៥០ ហើយដែលនឹងបើកឱកាសការងារថ្មីៗថែមទៀត ចំនួនជាង ២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជន គ្រប់មុខតំណែង ស្របតាម ចំណេះ ជំនាញ និងសមត្ថភាព។

លោក ពេជ សោភ័ន បានមានប្រសាសន៍ដែរថាៈ ក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពី វិស័យនាំមុខគេជាច្រើន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។

លោកបានថ្លែងក្នុងពិធីនេះដែរថាៈ ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ ទីផ្សារការងារ ដ៏ចាំបាច់មួយ នៅក្នុងដំណើរការ ផ្តល់សេវាការងារ ដែលមានលក្ខណៈ ប្រមូលផ្តុំ នូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើង ក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារ ជាប្រចាំថ្ងៃរបស់ NEA ។ គោលបំណងសំខាន់ បំផុតគឺ៖ ការនាំឱ្យកាន់តែខិតជិតគ្នា រវាងនិយោជក ដែលមានឱកាសការងារច្រើន សន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារ ដែលមានសមត្ថភាព នៅមួយកន្លែង ដោយងាយ ស្រួល ដើម្បីធ្វើការជ្រើសរើស កម្លាំងពលកម្ម តាមតម្រូវការ, ដាក់ពាក្យសុំការងារ ដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារ យ៉ាងសកម្មផុលផុស និងការស្វែងយល់ពី ការបង្កើនផលិតភាព។

ជាមួយគ្នានេះ លោក ពេជ សោភ័ន បានរំឭកថាៈ ក្នុងរយៈពេល ពីរឆ្នាំ កន្លងមក ទោះបីជា មានការរំខាន ដោយបញ្ហាកូវីដ-១៩ ក្តី ក៏ NEA បានបន្តរៀបចំពិព័រណ៍ការងារ ជាទៀងទាត់ តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីចូលរួម ចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារ ក្នុងពេលទទួលរងសម្ពាធ។ ក្នុងន័យនេះ ពិព័រណ៍ការងារ គឺជាអន្តរការី ក្នុងការជួយឱ្យនិយោជក អាចជ្រើសរើសកម្លាំង ពលកម្ម បានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ ដោយរួមបញ្ចូលគ្នានូវ របៀបវារៈសំខាន់ៗរួមមាន ៖

១. ការតាំងបង្ហាញឱកាសការងារ និងដាក់ពាក្យស្វែងរកការងារ, ការទទួលបានព័ត៌មាន ថ្មីៗ អំពីតម្រូវការជំនាញ ក្នុងទីផ្សារការងារ, ការប្រឹក្សាយោបល់អាជីព និងការត្រៀមខ្លួន ចូលទីផ្សារការងារ។

២. សិក្ខាសាលាស្ដីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវ គំនិត, ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្តុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថ និងទម្លាប់មិនល្អចោល, បង្កើនការយល់ ដឹង អំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម ក្នុងបរិបទនៃ ឧស្សាហកម្មជំនាន់ទី៤។

៣. កម្មវិធីជ្រើសរើសរោងចក្រ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តវិធានការសុខភាព និងសុវត្ថិភាព នៅកន្លែងការងារ (OSH) ជាពិសេសលើការបង្ការ និងទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដក្នុងឆ្នាំ២០២២។

៤. កម្មវិធីបង្កើតបណ្តាញទំនាក់ទំនង ផ្នែកធនធានមនុស្ស ក្នុងចំណោមនិយោជក និងភាគីពាក់ព័ន្ធ ដែលចូលរួម ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ នូវលំហូរព័ត៌មាន ទៅវិញទៅមក ស្តីពីឱកាសការងារ, ការជ្រើសរើស បុគ្គលិក, គោលនយោបាយផ្នែកធនធានមនុស្ស, ការបណ្តុះបណ្តាលជំនាញ និងការពង្រីកសក្តានុពល ផ្នែកសហគ្រិនភាព ជាដើម។

គួរបញ្ជាក់ថា បើតាមរយៈរបៀបវារៈ ខាងលើនេះ យុវជន សិស្ស និស្សិត កម្មករ និយោជិត អ្នកស្វែងរកការងារ គ្រប់កម្រិតជំនាញ និងគ្រប់ទីកន្លែង អាចចូលទស្សនា និងដាក់ពាក្យ ស្នើសុំការងារ ទាំងនៅទីតាំងអគារពិព័រណ៍ កោះពេជ្រនេះ ដោយផ្ទាល់ សម្រាប់អ្នកនៅ រាជធានីភ្នំពេញ និងតំបន់ជិតៗ ព្រមទាំងអាចចូលមើលពិព័រណ៍ដូចគ្នានេះ ក្នុងពេលតែ មួយ នៅលើគេហទំព័រពិព័រណ៍ការងារ ឈ្មោះ www.careerfair.nea.gov.kh ដោយងាយស្រួលផងដែរ សម្រាប់ក្មួយៗ ដែលនៅខេត្តឆ្ងាយៗ ឬខកខានមិនបាន ចូលរួមផ្ទាល់៕/V-PC