ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កំពុងដំណើរការអ៊ុតកៅស៊ូ លើកំណាត់ ផ្លូវចំនួន ៥ ខ្សែទៀត ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលគ្រោងនឹងស្ថាបនាឱ្យរួចរាល់ នៅថ្ងៃទី ៣០ តុលា ខាងមុខនេះ ក្នុងប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សោភ័ណភាពរាជធានី។

មន្ត្រីជំនាញ បានឱ្យដឹងថាៈ កំណាត់ផ្លូវដែលកំពុងដំណើរការអ៊ុតនេះ តាមការបញ្ជាក់ពី មន្ត្រីទទួលការស្ថាបនាផ្លូវនេះ បានឲ្យដឹងថា ផ្លូវនេះបានចាប់ដំណើរការ តាំងពីថ្ងៃទី១៨ តុលា ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៣០ តុលា ខាងមុខនេះ ។ កំណាត់ផ្លូវទាំង ៥ ខ្សែ ដែលបានស្ថាបនា នាពេលនេះ រួមមាន ផ្លូវជាប់ស្ថានទូតរុស្ស៊ី គិតចាប់ពីផ្លូវសុធារស ដល់ស្ពានហង្ស កោះពេជ្រ ប្រវែង ៧០០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ ផ្លូវស្ថានទូត នៅមុខរដ្ឋសភា ដល់រង្វង់មូលសម្តេចសង្ឃ ជួន ណាត ប្រវែង ៦០០ ម៉ែត្រ ទទឺង ២៦ ម៉ែត្រ , ផ្លូវមុខរដ្ឋសភា, កំណាត់ផ្លូវសុធារស  មុខព្រះបរមរាជវាំង, ផ្លូវលេខ១៨៤ ពីផ្លូវលេខ១៩ ដល់ផ្លូវព្រះស៊ីសុវត្ថិ ប្រវែង ៥០០ ម៉ែត្រ, ផ្លូវលេខ ២៤០ ពីមហាវិថី ព្រះនរោត្តម ដល់តិរៈវិថីព្រះស៊ីសុវត្ថិ មានប្រវែង ៩០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, ផ្លូវសុធារស ពីផ្លូវព្រះសុរាម្រិត ដល់កែងវត្តឧណ្ណាលោម ប្រវែង ១.៥០០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងដំណើរការជួសជុល កែលំអផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកំពស់ សោភ័ណភាព បរិស្ថាន  រាជធានីភ្នំពេញ កាន់តែស្រស់បំព្រង ដែលលោកអភិបាលរាជធានីភ្នំពេញ តែងបានណែនាំ ដល់មន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់កែលំអ ជួសជុលផ្លូវដែលមានជង្ហុក សំបុកមាន់ ឲ្យបានល្អប្រសើរឡើងវិញ។

មន្ត្រីដដែល បានបន្តថាៈ ជាពិសេសស្របពេល ដែលរាជធានីភ្នំពេញ និងព្រះរាជាណា ចក្រកម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខនេះ។

មន្ត្រីជំនាញ បានឲ្យដឹងទៀតថាៈ ផ្លូវនេះ ធ្វើឡើងស្របគ្នាទាំងធ្វើគ្រឹះ, ចាក់អ៊ុត និងគូសគំនូសចរាចរណ៍ ព្រមគ្នាតែម្ដង៕/V-PC